រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកលើកដែក - BNP

Breaking

Friday, December 24, 2021

រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកលើកដែក

ខេត្តកណ្តាល៖ ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកានេះឡើងគឺដើម្បីជាការឆ្លុះ បញ្ចាំង លទ្ធផលអនុវត្ត សកម្មភាពការងាររបស់រដ្ឋបាលខេត្ត ដែលសម្រេច បាន និងកំពុងអនុវត្ត ជាពិសេសទៅទៀតនោះការរៀបចំវេទិកានេះគឺជាការចូលរួម អនុវត្តតាមខ្លឹមសារនៃច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។


ឯកឧត្តម អ៊ុង តុលា បានបញ្ជាក់បន្ថែមថា វេទិកានេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាល ក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់  ដើម្បីលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា ដើម្បីផ្ដល់លទ្ធភាពឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។


ឯកឧត្តមក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន សូមកុំមានការភ័យខ្លាច ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយឱ្យបានទាន់ពេលវេលា។


ថ្លែងក្នុងវេទិកានេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទដារ៉ា បានរាយការណ៍ ពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។


ឯកឧត្តម បានជំរុញដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ ក៏ត្រូវបន្តការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យនាំកុមារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៣ ឱ្យបានគ្រប់ៗគ្នា។


សូមបញ្ជាក់ថា ក្នុងវេទិការនេះ មានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៤នាក់ ស្មើនឹង ៨សំណូមពរ និងសរសេរជាក្រដាស់ចំនួន១៤សន្លឹក ស្មើនឹង ១៧សំណូមពរ មានដូចជា៖ ស្នើសុំវ៉ាក់សាំងការពាជំងឺសត្វប្រចាំឆ្នាំ សុំប្រឡាយទឹក លូរំដោះទឹក ស្នើសុំទុយ៉ូទឹក ស្នើសុំទ្វារទឹក ស្នើសុំអំពូលសូឡា ស្នើសុំខ្សាច់សំរាប់ចាក់ផ្លូវ សុំស្ពាន សុំធ្វើច្រាំង សុំផ្លូវ សុំតបណ្ដាញទឹកស្អាត និងជួយរកទីផ្សារដំណាំស្វាយ ដែលសំណើ និងសំណូមពរទាំងនេះមួយចំនួនត្រូវបានដោះស្រាយបានភ្លាមៗ និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅរដ្ឋបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងដោះស្រាយជូនឱ្យបានឆាប់បំផុត៕







 

No comments:

Post a Comment

Pages