រដ្ឋបាលខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរបស់រាជធានី ខេត្ត ឆ្នាំ២០១៩ - BNP

Breaking

Thursday, November 11, 2021

រដ្ឋបាលខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរបស់រាជធានី ខេត្ត ឆ្នាំ២០១៩

ព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សាលប្រជុំមន្ទីរផែនការខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរបស់រាជធានីខេត្ត ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ និងលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមមន្ទីរអង្គភាព ចៅសង្កាត់ទាំង៦ និងមន្រ្តីនៃមន្ទីរផែនការមកពីខេត្តចំនួន៨ គឺខេត្តក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី សរុប៤៩នាក់។ 


ឯកឧត្តម ប៉ែន លីណាត អភិបាលរងខត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងផែនការ ដែលបានជ្រើសរើសយកខេត្តក្រចេះ ជាម្ចាស់ផ្ទះសម្រាប់រៀបចំសិក្ខសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ និងបានបញ្ជាក់ពីដំណើរការជំរឿនទូទៅប្រជាជននៅខេត្តក្រចេះ ឆ្នាំ២០១៩ ប្រើប្រាស់មន្រ្តីសរុបចំនួន១.១៤២ រូប។ 


ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ពីស្ថានភាពនៃខេត្តក្រចេះ ដោយសារភូមិសាស្រ្តខេត្តធំ ប្រជាពលរដ្ឋចំណូលស្រុកច្រើន ធ្វើឱ្យដំណើរការសម្ភាសន៍ជំរឿនមានការលំបាក ប្រជាពលរដ្ឋរស់នៅរាយប៉ាយ តាមតំបន់ចំការ ដែលមានគម្លាតពីខ្នងផ្ទះមួយ ទៅខ្នងផ្ទះមួយ និងពីតំបន់មួយ ទៅតំបន់មួយ មានចម្ងាយឆ្ងាយ។ ក៏ប៉ុន្តែដើម្បីសម្រួលដល់ការលំបាកនេះ នៅដើមឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបង្កើតភូមិរដ្ឋបាលថ្មីចំនួន៣៧ និងបង្កើតឃុំថ្មីចំនួន១។ 


ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ និងលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ឲ្យដឹងថា ៖ ការធ្វើជំរឿនប្រជាជន គឺជាកិច្ចការចម្បងមួយនៃដំណើរការការងារស្ថិតិរបស់ប្រទេស។ ការងារជំរឿនរួមមានជាស៊េរីនៃដំណាក់កាល និងជំហានដែលត្រូវបានអនុវត្ត ដើម្បីទទួលបាននូវការរាប់សម្ភាសន៍គ្រប់មនុស្សទាំងអស់ដែលនៅរស់នៅក្នុងប្រទេសកម្ពុជានាពេលវេលាកំណត់ដើម្បីចុះបញ្ជី រាប់បែងចែក និងស្រង់ចរិតលក្ខណៈផ្សេងៗទៀតរបស់ពួកគេ។ ជំរឿនផ្ទះសំបែង គឺជាដំណាក់កាលបន្ថែម ទៅលើជំរឿនប្រជាជន ដែលអាចទទួលបាននូវចំនួនការបែងចែក និងចរិតលក្ខណៈរបស់លំនៅដ្ឋាន និងសម្ភារៈផ្ទះសម្បែងដែលគ្រួសារមាន។ 


ក្នុងនោះដែរគណៈអធីបតីក៏បានផ្តលនូវអនុសាសន៍មួយចំនួន ៖ -ត្រូវប្រើប្រាស់ទិន្នន័យជំរឿន មានគុណភាពល្អគួរជឿទុកចិត្តបាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកម្មវិធីផ្សេងៗទៀត-ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សម្បូរបែប ធានាឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សាស្រាវជ្រាវ និងតម្រូវការទិន្នន័យសំរាប់ថ្នាក់ក្រោមជាតិតាមដែលអាចធ្វើបាន-ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿន ធានាឲ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ចជំរឿនកសិកម្ម ដែលសុទ្ធសឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេស-ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សជាប្រចាំ និងផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយ ដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយ ទាំងនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាកិច្ចការសំខាន់ណាស់ដែរ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិ ក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ និងត្រូវពង្រឹងប្រព័ន្ធស្ថិតិជាតិឲ្យបានល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តន៍បទប្បញ្ញត្តិស្ថិតិ យន្តការសម្របសម្រួលដោយក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិជាដើម និងជំរុញការអភិវឌ្ឍប្រព័ន្ធស្ថិតិឲ្យស្របតាមច្បាប់ស្ដីពីស្ថិតិ និងស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍស្ថិតិ៕








 

No comments:

Post a Comment

Pages