សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ - BNP

Breaking

Thursday, November 11, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខាថ្មី និងលោកជំទាវ លាង ហៃ ជាវ តាយ ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខា សម្រាប់អាណត្តិទី៥។


ពិធីនេះត្រូវបានធ្វើឡើង តាមប្រព័ន្ធនិម្មិតZoom ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួម​ពី គណៈកិត្តិយសាខា គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនិធិ​ ប្រធានកិត្តិយសអនុសាខា ប្រធានអនុសាខាស្រុក ក្រុង ទាំង៧ មន្ត្រីទីស្នាក់ការកណ្តាល និងក្រុមប្រតិបត្តិសាខា សរុបចំនួន៤៩រូប។


បន្ទាប់ពី សមាជិកក្នុងជួរគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរាយការណ៍ពីសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ជូនអង្គពិធីនោះរួចមក, លោកជំទាវ ហួន ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ក៏បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ច គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៥។ ឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្ត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាថ្មី បានប្តេជ្ញាចិត្ត ខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលាដោយឆន្ទៈ គោរពគោលការណ៍ គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម សំដៅបំរើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបាន តាមទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។


ថ្លែងក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ លោកជំទាវក៏បានណែនាំតម្រង់ទិសបន្ថែម សុំឱ្យគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមាន ឯកឧត្តម ជាវ តាយ ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងអាណត្តិទី៥នេះ៕








 

No comments:

Post a Comment

Pages