អភិបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លាជាគ្រឿងបរិភោគ ឧបភោគ និងថវិកា ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ - BNP

Breaking

Friday, October 1, 2021

អភិបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លាជាគ្រឿងបរិភោគ ឧបភោគ និងថវិកា ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា ១០០លានរៀល ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ មី និងថវិកានេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព ដឹកនាំដោយ ឯកឧត្តម ផាន់ ចានធុល រៀបចំដឹកជញ្ជូន និងប្រគល់ ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ទ្រី ភាព និងលោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្សធម៌ចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងរំលែកការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។


ក្នុងឱកាសទទួលជំនួយជាមី និងថវិកានេះ ទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ តាមរយៈជំនួយមី និងថវិកា ជាសក្ខីភាពយ៉ាងប្រត្សក្រពីទឹកចិត្តពោរពេញដោយមនោសញ្ចេតនា និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។


សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០គ្រួសារ។


ក្នុងពេលជួបគ្រោះទឹកជំនន់នេះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ  ឯកឧត្តម អ៊ុំ រាត្រី អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះអាសន្នជូនដល់ពួកគេ៕








 

No comments:

Post a Comment

Pages