អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សាមណេរ កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង - BNP

Breaking

Tuesday, August 10, 2021

អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សាមណេរ កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង

នាព្រឹកថ្ងៃចន្ទទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សាមណេរ កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង។


អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដមអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ ប្អូនៗ ក្មួយៗ សាមណេរ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ 


ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ពេលព្រឹកពីម៉ោង ៧:៣០  ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល  ដល់ម៉ោង៤រសៀល តាមទីតាំងដូចខាងក្រោម ៖

១-ក្រុងស្វាយរៀង : សាលាបឋសិក្សាព្រះសីហនុ។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-ស្រុកស្វាយទាប : សាលាបឋមសិក្សាសាមគ្គី

៥-ស្រុករំដួល : សាលាបឋមសិក្សា កូវ សាមុត កំពង់ចក។ 

៦-ស្រុកចន្ទ្រា : មណ្ឌលសុខភាព មេសថ្ងក  

៧-ស្រុកស្វាយជ្រំ ៖ សាលាបឋមសិក្សារកា, សាលាបឋមសិក្សាស្វាយជ្រំ, សាលាបឋមសិក្សាឈូកមាស, អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម។ 

៨-ស្រុករមាសហែក ៖ សាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍, សាលាបឋមសក្សាស្វាយទន្ទឹម, សាលាបឋមសិក្សាដូង, សាលាបឋមសិក្សាជីកដី, សាលាបឋមសិក្សាក្រសាំង។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕








 

No comments:

Post a Comment

Pages