រដ្ឋបាលខេត្តរតនគិរី ទទួលជំនួយជាសម្ភារយុទ្ធសាស្ត្រពីអង្គរការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តរតនគិរី - BNP

Breaking

Friday, July 9, 2021

រដ្ឋបាលខេត្តរតនគិរី ទទួលជំនួយជាសម្ភារយុទ្ធសាស្ត្រពីអង្គរការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តរតនគិរី

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គិត ទ្រី អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជំនួយជាសម្ភារយុទ្ធសាស្ត្រពីអង្គរការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តរតនគិរី Plan International,Inc ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងបេសកកម្មទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងភូមិសាស្ត្រខេត្ត។


លោក ពុធ ប៊ុនធឿន ប្រធានអង្គការភ្លែនអន្តរជាតិប្រចាំខេត្តរតនគិរី មានប្រសាសន៍ថា ជំងឺកូវីដ-១៩ កំពុងមានការឆ្លងនៅក្នុងខេត្តជារៀងរាល់ថ្ងៃ និងអាចមានភាពអូសបន្លាយរយៈពេលវែង។ អង្គការភ្លែន ក៏ដូចជាសប្បុរសជនដ៏ទៃទៀត បានចូលរួមចំណែកជាមួយអាជ្ញាធរខេត្តក្នុងការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតនេះ តាមរយៈការផ្តល់ជូននូវសម្ភារចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត។ លោកក៏បានឆ្លៀតឱកាសបញ្ជាក់ផងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា គ្រោងនឹងដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួនរយៈពេល០៥ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ដែលផ្តោតទៅលើការការពារកុមារ អប់រំ សុខភាព អាហារូបត្ថម្ភ និងក្មេងស្រីជាអ្នកដឹកនាំ។


ឆ្លើយតបទៅនឹងភាពជាដៃគូរក្នុងសកម្មភាពការងាររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តរតនគិរី នាពេលកន្លងមក និងខណៈពេលនេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានសម្តែងនូវក្តីសោមនស្សចំពោះបេសកកម្មរបស់អង្គការភ្លែន ដែលបានចូលរួមចំណែកជាបន្តបន្ទាប់ជាមួយអាជ្ញាធរខេត្ត ពិសេសលើវិស័យអប់រំ សុខភាព អាហាររូបត្ថម្ភ និងកិច្ចការងារផ្សេងៗទៀត ដែលសបញ្ជាក់ឱ្យឃើញពីការកិច្ចសហការល្អក្នុងភាពជាដៃគូររវាងអង្គការសង្គមស៊ីវិល ជាមួយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមក៏បានបញ្ជាក់អំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ផងដែរថា កន្លងមកអាជ្ញាធរបានខិតខំធ្វើការត្រួតពិនិត្យបឋមនៅចំណុចដើមទីរកឃើញជាបន្តបន្ទាប់ មិនមានការផ្ទុះចូលក្នុងសហគមន៍ឡើយ ទើបតែរយៈពេលចុងក្រោយនេះ ដោយសារការរាតត្បាតក្នុងប្រទេសកាន់តែធំឡើង ទើបមានការបែកធ្លាយផ្ទុះរាលដាលចូលនៅក្នុងទីប្រជុំជនក្រុងបានលុងនេះ។ ឯកឧត្តម គូសបញ្ជាក់ថា សម្ភារដែលទទួលបានទាំងនេះ នឹងយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមគោលដៅសំខាន់នៅក្នុងខេត្ត ដូចដែលសម្ភារកន្លងមកដែលសប្បុរសជននានាកន្លងមកបានផ្តល់ជូន ហើយវាពិតជាមានសារៈសំខាន់សម្រាប់បម្រើឱ្យសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

សម្ភារដែលអង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ជូននាឱកាសនេះរួមមាន គ្រែសម្រាក ១០០ កន្ទេល ១០០ ភួយ១០០ សំឡីអនាម័យ ១០កេស ស្រោមដៃពេទ្យ ១០០ប្រអប់ ម៉ាស់ ៣០០ប្រអប់ អាល់កុល ១០កាន ទឹកបរិសុទ្ធ ៣០០កេស ត្រីខ ៣០០យួរ និងមី ៣០០កេះ៕




 

No comments:

Post a Comment

Pages