រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសជន ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - BNP

Breaking

Wednesday, May 5, 2021

រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសជន ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នារសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។


ក្នុងនោះអំណោយដែលសប្បុរសជនមានដូចជា÷

១.លោក LUO LU QING ប្រធានក្រុមហ៊ុន Angkor Engineering Co.Ltd ឧបត្ថម្ភ អង្ករចំនួន ១០.០០០ គីឡូក្រាម និងមីចំនួន ៣០០កេស ។

២.លោក លី ប៊ុនចាង ជាពាណិជ្ជករ រស់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឧបត្ថម្ភអង្ករចំនួន ២.០០០ គីឡូក្រាម។  


លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក LUO LU QING ប្រធានក្រុមហ៊ុន ខេមបូឌា អង្គរ អែនជីនារីង (Angkor Engineering Co.Ltd) និងលោក លី ប៊ុនចាង ជាពាណិជ្ជករ រស់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុកុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀតអំណោយទាំងនេះរដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់មួយចំនួនក្នុងក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងមានការឆ្លងរាតត្បាតក្នុងក្រុងព្រះសីហនុ ។ 


ក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា  ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕



 

No comments:

Post a Comment

Pages