អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យស្ថានភាព និងគោលដៅអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន នៅស្រុកកងមាស និងស្រុកស្រីសន្ធរ - BNP

Breaking

Tuesday, April 27, 2021

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យស្ថានភាព និងគោលដៅអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន នៅស្រុកកងមាស និងស្រុកស្រីសន្ធរ

នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ឲ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រឆាំងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាព និងគោលដៅអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ "សហគមន៍ ២០-កុម្ភៈ" នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស និងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន នាពេលនេះ។ នេះជាគំរូវីរភាពនៃការលះបង់របស់បងប្អូនកងកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅទាំងអស់ ទោះបីភ្លៀងផ្គរ ក៏មិនរុញរា គឺសំដៅធ្វើយ៉ាងណាទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដើម្បីសហគមន៍របស់យើងជៀសផុតពីមហាវិនាសកម្មនៃជម្ងឺមហាប្រល័យនេះ។ 


ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមនឹងវិធានការការពារ "បីកុំ បីការពារ" ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ នាក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖


១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងចំណូលស្រុក ករណីមកពីតំបន់ហានិភ័យ ត្រូវនាំយកសំណាក់ទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ហើយសម្រាប់ប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យទាប ត្រូវយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន។


២-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ បន្តគ្រប់គ្រងតាមដានជាប់ជាប្រចាំ កម្មករ កម្មការិនី ត្រូវចេញទៅធ្វើការខាងក្រៅមូលដ្ឋាន ពិសេសនៅតាមទីតាំងដែលរកឃើញករណីវិជ្ជមាន ដោយត្រូវសហការមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកពិនិត្យ និងណែនាំឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។


៣-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលឈរជើងនៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ និងយកសំណាកភ្លាមៗ សម្រាប់អ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ ឬមកពីតំបន់បិទខ្ទប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឬឆ្លងកាត់ខេត្តកំពង់ចាម។


៤-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ ត្រូវរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិសាស្ត្របិទខ្ទប់ភូមិ ឬចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងតម្រូវឲ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ។


៥-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។


៦-ត្រូវរៀបចំប័ណ្ណសម្គាល់ជូនដល់មន្ត្រីមានសមត្ថកិច្ច កម្លាំងការពារ អនុវត្តសម្រេចរបស់រដ្ឋបាលខេត្តក្នុងការបិទខ្ទប់ភូមិ ពោលគឺមិនអនុញ្ញាតឲ្យមានការចេញ-ចូល ចំពោះបុគ្គលដែលគ្មានភារកិច្ច ឬគ្មានប័ណ្ណសម្គាល់នោឡើយ។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជីវភាពប្រចាំថ្ងៃ ដល់កងកម្លាំងប្រចាំការនៅតាមគោលដៅនីមួយៗ ក្នុង០១នាក់ ថវិកា ២០.០០០រៀល រយៈពេល ១៤ថ្ងៃ។


គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិចំនួន០៤ គឺភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស, ភូមិកំផ្លាក់ ឃុំបារាយណ៍, ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ទៅតាមទីតាំងទាំងនេះ៕





 

No comments:

Post a Comment

Pages