អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស - BNP

Breaking

Tuesday, March 30, 2021

អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស

ប៉ៃលិន៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងា បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៍បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ។


លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។


លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួល ខុស ត្រូវ ខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណៈភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ ជាពិសេស សូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញកងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រជាជន និងប្រទេសជាតិ។


សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកជំទាវអភិបាលខេត្ត ក៍បានឧបត្ថម្ភស្បៀងអាហារ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងចម្រុះទាំង ២៥គោលដៅ នៅតាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន៕




 

No comments:

Post a Comment

Pages