អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅសាកលវិទ្យាល័យជាតិមានជ័យ - BNP

Breaking

Tuesday, January 19, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅសាកលវិទ្យាល័យជាតិមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី របស់សាកលវិទ្យាល័យជាតិមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម  ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី បន្ទាយមានជ័យអភិបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ធ្វើនៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ។ 


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ សម្រាប់ការរៀបចំបើកបវេសនកាលនេះក្នុងន័យបង្ហាញនិងផ្សព្វផ្សាយទៅដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អាណាព្យាបាល សាធារណៈជន អ្នកសិក្សាបញ្ញាវន្ត ជាពិសេស សិក្សានុសិស្ស ដែលទើបតែទទួលជ័យលាភីលើលទ្ធផលការសិក្សាជាប់ជាស្ថាពរនៅថ្នាក់មធ្យមសិក្សាទុតិយភូមិ។ទោះបីយើងស្ថិតនៅក្នុងស្ថានភាពក្នុងការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់និងជម្ងឺឆ្លងកូវីត.១៩ ក៏ដំណើរការបណ្តុះបណ្តាលលើគ្រប់ជំនាញសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សគឺនៅតែបន្តហើយខ្លាំងខ្លាជាងមុន ជាមួយនឹងទស្សនៈទានថ្មីគឺ គន្លឹះជីវិតថ្មីក្នុងវិស័យអប់រំ ដោយមានការអនុវត្តវិធានការស្តង់ដារសុវត្តិភាពសុខភាព របៀបការងារថ្មីតាមបែបឌីជីថល វិធានការលើគម្លាតសុវត្តិភាព និងការផ្តល់សេវាបង្រៀន និងសិក្សាពីចម្ងាញ ហៅកាត់ថាអេសអូភីរបស់ក្រសួងសុខាភិបាល។


ក្នុងនោះឯកឧត្តម ស សុខា បានលើកទឹកចិត្តដល់ សិស្សានុសិស្ស និសិត្យ ទាំងអស់ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯងត្រូវតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សាដើម្បីឈានទៅសម្រេចបាននូវក្តីស្រមៃនិងក្តីបំណងប្រាថ្នានៅពេលអនាគត។ ជាពិសេស សិស្សានុសិស្ស និស្សិតទាំងអស់ត្រូវលះបង់នូវពាក្យចំនួន៥យ៉ាង ដែលមិនគួរនិយាយ៖១. ពាក្យថាពិបាកក្រោយពេលដែលយើងនិយាយពាក្យថាពិបាកនោះវានឹងរារាំងដល់សមត្ថភាពរបស់យើងប្រសិនបើយើងប្រកាន់យកពាក្យនេះយើងមិនអាចជំនះនូវឧបសគ្គទាំងឡាយណាបានឡើយក្នុងមួយជីវិតយើងនេះបានឡើយ។

២. ពាក្យថាធ្វើមិនបានព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឲ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើឬក៏បិទបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួបយើងត្រូវគិតថាគ្មានអ្វីមួយដែលធ្វើមិនបាននោះទេគ្រាន់តែពេលខ្លះវាត្រូវការពេលវេលាតែប៉ុណ្ណោះការព្យាយាមនឹងបានសម្រេច។ 

៣. កុំអស់សង្ឃឹមព្រោះពាក្យនេះនិយាយចេញមកពេលណាកម្លាំងទាំងអស់ទាំងកម្លាំងកាយនិងកម្លាំងចិត្តនឹងត្រូវបាត់ជ្រុះចុះត្រូវចេះលើកទឹកចិត្តខ្លួនឯងនឹងមានក្តីសង្ឃឹមជានិច្ច។

៤. ពាក្យថាខ្ជិលមិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្តវាស្មើនឹងពាក្យទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ។

៥.ពាក្យថាហក់នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមករាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហត់ទន់ខ្សោយមួយរំពេចធ្វើអ្វីក៏ដោយយើងត្រូវតែចេះប្រមាណកម្លាំងឬស្ទាបស្ទង់កម្លាំងពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឲ្យមានកំលាំងរួចធ្វើដំណើរទៅមុខបន្តទៀតនោះទើបយើងបានសម្រេចលទ្ធផល។


ឯកឧត្តម ស សុខា បានបញ្ជាក់ថា៖ សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូដើរតួជាបុគ្គលនៅមុខជាឪពុកម្ដាយទីពីរជាអ្នកស្រាវជ្រាវជាអ្នកទីប្រឹក្សានិងជាអ្នកច្នៃប្រឌិតព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងចំណេះដឹងទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗគ្រប់កោសល្យថ្មីមកបង្ហាត់បង្រៀនដល់និស្សិតឲ្យមានចំណេះដឹងទំលំទូលាយនិងអភិវឌ្ឍន៍ខ្លួនជាអ្នកបន្តសម្រាប់អនាគតផងដែរ៕






 

No comments:

Post a Comment

Pages