រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ - BNP

Breaking

Wednesday, December 9, 2020

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០

ប៉ៃលិន៖ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅពហុកីឡាដ្ឋានភ្នំចេក ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំមហាស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី មកពី ៨ឃុំ/សង្កាត់ ទូទាំងខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។


លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០នេះ គឺមានការចូលរួមពីសំណាក់បេក្ខជន-បេក្ខនារី តាមបណ្តាឃុំ/សង្កាត់ ទាំង០៨ ដោយមាន ១៦ខ្លែង បូករួមទាំងខ្លែងរបស់មន្ទីរចូលរួមបង្ហើរជានិមិត្តរូបផងដែរ។


ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំការប្រកួតប្រជែងក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី០១ ឆ្នាំ២០២០នេះ គឺក្នុងគោលបំណងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទាំងអស់អោយបានស្គាល់ បានយល់កាន់តែច្បាស់ អំពីភាពសម្បូណ៍បែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដោយបានបង្កប់នូវអត្តសញ្ញាណជាតិដ៍រឹងមាំ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជាការរំលឹកគុណូបការៈរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុកនូវស្នាដៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។


ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់  និងមន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្ត ត្រូវយកចិត្តទុកដាក់ ព្រមទាំងសហការគ្នា ពង្រឹងពង្រីក និងបំផុសអោយមានការចូលរួមរាល់គ្រប់សកម្មភាពពីប្រជាពលរដ្ឋ និងស្រទាប់យុវជននានា ដែលទាក់ទងទៅនឹងសិល្បៈវប្បធម៌ថ្មីៗ ដើម្បីអភិវឌ្ឍវប្បធម៌ជាតិ ក៍ដូចជាវប្បធម៌ចម្រុះនៅតាមសហគមន៍អោយបានស្ថិតស្ថិតគង់វង្ស។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។


សូមបញ្ជាក់ថា៖ ក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ នេះ បានធ្វើការប្រកួតប្រជែងរយៈពេលពេញ១ ថ្ងៃ ហើយជាលទ្ធផល ៖ ខ្លែងសង្កាត់ប៉ៃលិន មានឈ្មោះ (ខ្លែងឯកបារមីលោកយាយយ៉ាត) ទទួលបានជ័យលាភីលេខ ០១ ខ្លែងឃុំសាលាក្រៅ មានឈ្មោះ (ខ្លែងឯកឃុំសាលាក្រៅ) ទទួលបានជ័យលាភីលេខ ០២ និងខ្លែងសង្កាត់អូតាវ៉ៅ មានឈ្មោះ (ខ្លែងឯកសម្រស់ភ្នំខៀវមានសិទ្ធ) ទទួលបានជ័យលាភីលេខ ០៣៕








 

No comments:

Post a Comment

Pages