រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ - BNP

Breaking

Wednesday, November 25, 2020

រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

នាព្រឹកថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តស្វាយរៀង។ 


កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្ដមឧបការី និងលោកអគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។


ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០២០នេះ ឲ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំឡុងពេលនៃការប្រឡង។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយ និងអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ ដូចជាម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលជាដើម សូមកុំដំឡើងថ្លៃស្នាក់នៅក្នុងអំឡុងពេលប្រឡងរបស់បេក្ខជន ។ ដោយឡែកសម្រាប់ការផ្ញើកង់ ម៉ូតូ គឺត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពកុំឲ្យមានការបាត់បង់ ហើយចំពោះការចំណាយលើការផ្ញើកង់ ម៉ូតូ គឺសាលាខេត្ត ជាអ្នកជួយរ៉ាប់រងចំណាយដោយមិនតម្រូវឲ្យបេក្ខជនប្រឡងបង់ថ្លៃនោះទេ។


ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានទទួលយកនូវសំណូមពរមួយចំនួនដែលលើកឡើងដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានប្រគល់ជូនមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ សហការធ្វើការដោះស្រាយឲ្យបានល្អប្រសើរ និងចប់សព្វគ្រប់ឲ្យបានមុនថ្ងៃប្រឡង៕







 

No comments:

Post a Comment

Pages