រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ - BNP

Breaking

Thursday, October 15, 2020

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប៨ឆ្នាំ

កំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ នៅមុខសាលាខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៨ ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គយាងចូលទិវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។


ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថដ៏ធំធេង ឧត្តុងឧត្តម ទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ជាកិច្ចតបស្នងព្រះមហាករុណាទិគុណ និងគុណូបការៈដ៏ធំធេងខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា និងប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ។  យើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ មានវត្ថុស័ក្តិសិទ្ធក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនិងយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មា៩០ព្រះវស្សា ដោយព្រះជរាពាធ៕






 

No comments:

Post a Comment

Pages