ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត - BNP

Breaking

Friday, August 7, 2020

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែលដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត។ គោលបំណងនៃកិច្ចប្រជុំ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ជម្រាបគណៈប្រតិភូព្រឹទ្ធរដ្ឋសភា ពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបានក្នុងវិស័យអប់រំ ទេសចរណ៍ ធម្មការ និងសាសនា និងវិស័យរប្បធម៌ ដែលទាក់ទិននឹងការទទួលខុសត្រូវរបស់គណៈកម្មការ។ ជាមួយគ្នានេះក្នុងកាលទេសៈសកលលោក កំពុងទទួលរងគ្រោះដោយជំងឺកូវីដ១៩ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភាអំពីកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសាសនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយណែនាំ ស្តីពីការបង្ការទប់ស្កាត់ជំងឺនេះ នៅតាមមូលដ្ឋានជាប្រចាំ។

ដោយឡែកក្នុងវិស័យអប់រំ និងវិស័យពុទ្ធិកសិក្សា បានធ្វើការណែនាំដល់គណៈគ្រប់គ្រងពុទ្ធិកសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានអប់រំក្នុងខេត្ត រៀបចំការសិក្សាដល់ សមណនិស្សិត សមណសិស្ស សិស្សានុសិស្ស និងនិសិ្សត សិក្សាតាមរយៈប្រព័ន្ធសិក្សាពីចំងាយ (online) និងរៀនតាមរយៈ ការផ្សាយផ្ទាល់តាមផេក និងទូរទស្សន៍ជាតិកម្ពុជា រួមជាមួយរៀបចំ ការបង្រៀនជាលក្ខណៈបណ្តុំ នៅតាមផ្ទះរបស់សិស្ស ដោយមានចំនួនមិនលើសពី១០នាក់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែកវិស័យទេសចរណ៍ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសាកល បានធ្វើឲ្យចំនួនភ្ញៀវទេសចរដែលចូលមកខេត្តកំពង់ចាមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយនៅក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍ដែលចូលមកខេត្ត មានការថយចុះប្រមាណ៧៦%។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ចាម លើការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្នុងកិច្ច អភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យគត់សម្គាល់៕






No comments:

Post a Comment

Pages