រដ្ឋបាលខេត្តសៀមរាប​ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ផ្នែក ដែលរៀបចំកម្មវិធី​ សម្រាកសៀមរាបឲ្យប្រព្រឹត្តទៅដោយរលូន - BNP

Breaking

Monday, August 24, 2020

រដ្ឋបាលខេត្តសៀមរាប​ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ផ្នែក ដែលរៀបចំកម្មវិធី​ សម្រាកសៀមរាបឲ្យប្រព្រឹត្តទៅដោយរលូន

ខេត្តសៀមរាប៖ កម្មវិធីសម្រាកសៀមរាបដែលបានរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា និងការចូលរួមរបស់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរអប្សរា បានបញ្ចប់ទៅតាមផែនការគ្រោងទុក នឹងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះកររហូតដល់ជាង ២០ម៉ឺននាក់។

ជាមួយនឹងសមិទ្ធផលនេះ យើងមិនភ្លេចនូវការខិតខំប្រឹងប្រែង មន្ត្រីរាជការ កងកម្លាំងប្រដាប់ សហគ្រិនវ័យក្មេងប្រចាំខេត្តសៀមរាប សមាគមចុងភៅ សិល្បករសិល្បការិនីពិសេសគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំអស់កម្លាំងកាយចិត្តចូលរួម ធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រ។

ពិតណាស់កម្មវិធីនេះ ក៏បានអនុវត្តយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជាសារអប់រំមួយឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការការពារជំងឺនេះផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអរគុណដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករក្នុងខេត្តសៀមរាបទាំងអស់ មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីបង្ហាញថាសៀមរាបគ្មានជំងឺកូវីដ១៩ សៀមរាបជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព ប្រកបដោយភាពទាក់ទាញ រួសរាយរាក់ទាក់។ រដ្ឋបាលខេត្ត ក៏នឹងបន្តសកម្មភាពនេះ ក៏ដូចជាការ បង្កើតនូវកម្មវិធីនានាបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យឯកជនក្នុងខេត្តដូចជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ក្នុងន័យបង្កើនសកម្មភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងជីវភាពប្រជាជនក្នុងខេត្តកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ បានចំណាយពេលវេលាមកចូលរួមកំសាន្តក្នុងកម្មវិធីនេះ ដែលជាការលើកទឹកចិត្តដល់ក្រុមការងារ និងអនុវត្តតាមគោលការណ៍នានា ដែលក្រុមការងារបានរៀបចំអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩។








No comments:

Post a Comment

Pages