រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាឆ្នាំ ២០២០-២០២៤ - BNP

Breaking

Wednesday, August 12, 2020

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាឆ្នាំ ២០២០-២០២៤

ខេត្តកណ្តាល៖ អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាក្នុងខេត្តកណ្តាល ត្រូវរួមសហការគ្នាបន្តខិតខំ ដោះស្រាយនូវរាល់បញ្ហា និងការទាមទាររបស់ បងប្អូនកម្មករនិយោជិតដែលធ្វើឡើងស្របច្បាប់ និងបទបញ្ញតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាឆ្នាំ ២០២០-២០២៤ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាង ៤០០នាក់។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្នើឲ្យគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាថ្នាក់ខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបាន ស្របតាមច្បាប់ និងបទបញ្ញតិជូនប្អូនកម្មករនិយោជិតឲ្យបានកាន់ប្រសើ។
   
ឯកឧត្តម ក៏បានស្នើដល់ គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មថ្នាក់ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្រ្តរបស់ខ្លួនឲ្យបានច្បាស់លាស់។
   
ឯកឧត្តមបន្តថា រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវ ក្នុងការដោះស្រាយទៅតាមករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់ ជាពិសេស ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីពបងប្អូនកម្មករនិយោជិតដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
     
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០  របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការ ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាឆ្នាំ២០២០-២០២៤ រដ្ឋបាលខេត្ត  បានចុះសម្របសម្រួលនិងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ខុសច្បាប់នៅតាមរោងចក្រ សហគ្រាសជាបន្តបន្ទាប់។
       
ឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ គណៈសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនោតាមគ្រប់មុខសញ្ញាក្នុងខេត្ត បានចុះទៅសម្របសម្រួលនិងដោះស្រាយបញ្ចប់ករណីវិវាទ រវាងកម្មករចំនួន ៧២៤នាក់ ជាមួយរោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្រ្ទី ខូអិលធីឌី ដែលបានបិទទ្វារលែងដំណើរ ដោយបានទូទាត់ថវិកាជូនកម្មករ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
       
ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា គណៈសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាក្នុងខេត្តកណ្ដាល បានសហការជាមួយសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាខេត្ត ដើម្បីសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការដោះស្រាយករណីវិវាទការងាររួមនៅរោងចក្រកាត់ដេរឌីកនើធី នីតធើរ លីមីតធីត និងរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ីខូ បេស ហ្វេកធើរី ដែលមានកម្មករ និយោជិតចំនួន១,១១៩នាក់ ស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕







No comments:

Post a Comment

Pages