សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកឧត្តម ស៊ុន ចាន់ថុល ចូលជួបគោរពរាយការណ៍អំពីវឌ្ឍនៈភាព នៃការផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយ - BNP

Breaking

Tuesday, July 14, 2020

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកឧត្តម ស៊ុន ចាន់ថុល ចូលជួបគោរពរាយការណ៍អំពីវឌ្ឍនៈភាព នៃការផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចូលជួបគោរពរាយ ការណ៍អំពីវឌ្ឍនៈភាព នៃការផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយ ដោយ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «កិច្ចប្រជុំថ្ងៃនេះគឺធ្វើឡើងដើម្បីស្ដាប់នូវរបាយការណ៍របស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងក្របខណ្ឌក្រសួង និងសេវា កម្មនានា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ»។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា «ខ្ញុំគាំទ្រទាំងស្រុង នៃការផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយទៅថ្នាក់ក្រោមជាតិ។ យោងតាមលិខិត សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យក្រសួងសាធារណការ ធ្វើការងារផ្ទេរ សេវារដ្ឋបាលចប់សព្វគ្រប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០»។

ឯកឧត្តមបានបន្ដថា ការងារខាងលើនេះ ក្រុមការងារក្រសួងបានខិតខំប្រឹងប្រែង ធ្វើឲ្យបានចប់សព្វគ្រប់នៅខែឧសភា ដែរ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យសម្ភារទិញមកពីបរទេស មានការយឺតយ៉ាវក្នុងការបញ្ជូនសម្ភារទាំងនោះមកកម្ពុជា ហើយប្រទេសទាំងនោះក៏បានសន្យាថា នឹងបញ្ជូនសម្ភារទាំងនោះមក ដល់កម្ពុជា ឆាប់ៗនេះ ដើម្បីយកទៅបំពាក់នៅការិយាល័យ២៩ផ្សេងទៀតដែលមិនទាន់បានបំពាក់ជូន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបរាប់ថា សព្វថ្ងៃក្រសួងបំពាក់បាន៥៤ការិយាល័យ លើ៨៣ការិយាល័យ ដូច្នេះនៅសល់២៩ការិយាល័យទៀត។ ហើយសម្ភារទាំងនោះមកដល់កម្ពុជាភ្លាម ក្រសួងនឹងរៀបចំបំពាក់ជូនទៅការិយាល័យទាំង២៩បន្ថែមទៀត។ នៅពេលរងចាំសម្ភារ ក្រសួងសាធារណៈការ និងក្រសួងមហាផ្ទៃ ក៏បាន ឯកភាពគ្នាបង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីពិនិត្យការផ្ទេរសេវារដ្ឋបាលឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ដើម្បីឲ្យការងារផ្ទេរសេវារដ្ឋបាល កាន់តែមានប្រសិទ្ធបន្ថែមទៀត ត្រូវកែសម្រួលប្រព័ន្ធព័ត៌មានវិទ្យា ដោយសារមិនទាន់សមស្របតាមនិតិវិធីថ្មី ហើយ ក្រុមការងារអន្ដរក្រសួង បានជួបពិភាក្សាជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការងារនេះ។ នៅពេលសម្ភារមកដល់កម្ពុជា ក្រុមការងារអន្ដរក្រសួងនឹងរៀបចំប្រព័ន្ធកុំព្យូទ័រឡើងវិញ ដោយប្រើប្រាស់រយៈពេល៣ខែ ហើយក្រុមការងារអន្ដរក្រសួងបានប្ដេជ្ញាថា នឹងធ្វើការងារផ្ទេរសេវារដ្ឋបាលឲ្យចប់សព្វគ្រប់់នៅដំណាច់ឆ្នាំ២០២០នេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការអនុវត្ត នូវច្រកចេញចូលតែមួយ មានទាំងចំណុចខ្លាំង និងចំណុចខ្សោយ ដូចជា៖ ភាពយឺតយ៉ាវនៃសម្ភារ ដែលត្រូវបំពាក់នៅការិយាល័យច្រកចេញចូលតែមួយ ដែលនាំឲ្យមានការសុំពន្យារពេលរៀបចំច្រកចេញចូលតែមួយនេះដល់ដំណាច់ ឆ្នាំ២០២០ និងការតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ពាក់ព័ន្ធទៅនឹង ចំណុចខ្វះខាតនេះ សម្ដេចក្រឡាហោម ស្នើឲ្យអង្គប្រជុំចូលរួមផ្ដល់យោបល់ ពិភាក្សាលើចំណុចទាំងនេះបន្ថែមទៀត។

សូមជម្រាបជូនថា លទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ដរបស់ ការិយាល័យ ច្រកចេញចូលតែមួយ (ក្រុង-ស្រុក-ខណ្ឌ) តាមរយៈប្រព័ន្ធស័្វយប្រវត្តិកម្ម បានឲ្យដឹងថា ការអនុវត្តការចុះបញ្ជីទោចក្រយានយន្ដនៃការិយាល័យច្រកចេញ តែមួយមានចំនួន៥២ការិយាល័យ ក្នុងនោះការិយាល័យក្រុងតាខ្មៅ អនុវត្តការងារបានល្អ ហើយការិយាល័យច្រកចញចូលតែមួយ ចំនួន១៩ បានអនុវត្តការងារបានល្អបង្គួរ មិនសូវមានកំហុស និងការិយាល័យច្រកចញចូលតែមួយចំនួន៣២ អនុវត្តការងារបានមធ្យម៕







No comments:

Post a Comment

Pages