រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគាររដ្ឋបាលថ្មី និងជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជន - BNP

Breaking

Thursday, July 30, 2020

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគាររដ្ឋបាលថ្មី និងជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជន

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគាររដ្ឋបាលថ្មី និងជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង។

អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាច្រើនរូប។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំបំពេញ ការងាររបស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង រួមទាំងការអភិវឌ្ឍ ទីកន្លែងការងាររដ្ឋបាលរបស់ខ្លួន មានជាអាទិ៍ អាគាររដ្ឋបាលថ្មីដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះជាដើម ក្នុងនោះរួមមានការដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធ និងវិស័យដីធ្លីផងដែរ ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តបានជម្រុញលើកទឹកចិត្តដល់មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបន្តការរៀបចំឲ្យមានការជួបជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តយ៉ាងហោចណាស់អោយបានពីរ ទៅបីដងក្នុងមួយឆ្នាំ ដើម្បីបង្កើតនូវភាពស្និទស្នាល ក៏ដូចជាការដឹងពីសុខទុក្ខ ឬ ក្ដីកង្វល់ បញ្ហាប្រឈមណាមួយរបស់មន្រ្តីចូលនិវត្តន៍ទាំងអស់ដែលពួកគាត់សុទ្ធតែជាអ្នកជំនាញ ធ្លាប់មានបទពិសោធន៍សម្រាប់អ្នកជនក្រោយក៏ដូចជាបច្ចុប្បន្ន។

ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្ត ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះមន្រ្តីចូលនិវត្តន៍ទាំង១៥រូប របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

ឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា​ មន្រ្តីចូលនិវត្តទាំងអស់ គឺជាធនធានមន្រ្តី ដែលសុទ្ធតែមានជំនាញបទពិសោធន៍ច្បាស់លាស់ក្នុងស្នាដៃ នៃការបំពេញការងារ បំរើជាតិ និងប្រជាជនចាប់តាំងពីផ្ដើមដំបូង រហូតមកដល់បច្ចុប្បន្ននេះ ស្របតាមលទ្ធភាពដែលខ្លួនបានរួមចំណែក ពង្រឹងស្ថាប័ន ដែលជាស្ថាប័នមួយបានផ្ដល់សេវាជាច្រើនជូនប្រជាពលរដ្ឋ នៅក្នុងខេត្តខេត្តស្វាយរៀង។

ឯកឧត្តមបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ ក៏ដើម្បីបង្ហាញអំពីការវិវត្តន៍ជារួមនូវគោលនយោបាយរបស់ប្រទេសជាតិ និងការវិវត្តន៍របស់មន្ទីរក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ថាតើបានដំណើរការដល់កម្រឹតណា ជារួមយើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ និងដឹកនាំប្រទេសឱ្យមានសុខសន្ដិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថាដោយសារស្ថេរភាពនេះហើយ បានធ្វើឱ្យរាជរដ្ឋាភិបាលមានការជំរុញអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ដែលចាត់ទុកថាកំណើនសេដ្ឋកិច្ចនេះបានផ្តល់លទ្ធភាពអាចបង្កើនប្រាក់ចូលនិវត្តន៍ដល់និវត្តជនទាំងអស់ និងអាចបែងចែកទៅលើការងារអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាវិស័យផ្សេងៗទៀតផង។

អំណោយដែលផ្តល់ជូនដល់និវត្តជនទាំង១៥នាក់ក្នុងម្នាក់ៗទទួលបាន៖ថវិកា២០ម៉ឺនរៀល,សាប៊ូ២ដុំ, ជែលអាល់កុលលាងដៃ១ដប,ស្ព្រៃអាល់កុល១ដប, ម៉ាស១ដុំ អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ និងមី១កេស ៕






No comments:

Post a Comment

Pages