កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តការងារឆមាសទី២ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន - BNP

Breaking

Monday, June 22, 2020

កិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តការងារឆមាសទី២ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាបាលកម្ពុជានៅខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តការងារឆមាសទី២ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាបាលកម្ពុជានៅខេត្តកំពត ដែលនឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិកក្រុមលេខាធិការសរុប និងលោក លោកស្រីអភិបាលក្រុង ស្រុក សរុបចំនួន ៣៨នាក់ ។

ក្នុងកិច្ចប្រជុំនាពេលនេះ បានធ្វើការពិត្យពិភាក្សាទៅលើរបាយការណ៍លទ្ធផលការងារឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន ដែលអនុវត្តកន្លងមកតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសពិភាក្សាលើបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ដើម្បីធ្វើឲ្យរបាយការណ៍មានខ្លឹមសារគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ជាលទ្ធផលទោះបីមានការីករាលដាលជាសាកលជំងឺកូវីត១៩ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានចុះធ្វើវេទិកាសាធារណៈក្នុងឆមាសទី១បានចំនួន ២៦០ លើក លើ៩៣ឃុំ សង្កាត់ ប្រមូលបាននូវបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៩០២ករណី ក្នុងនោះក្រុមការងារបានដោះស្រាយរួចចំនួន ៥៤០ករណី កំពុងដោះស្រាយចំនួន ៣១៥ករណី និងមិនទាន់ដោះស្រាយចំនួន ៤៧ករណី ។ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមលេខាធិការដ្ឋាន ពិនិត្យនិងកែសម្រួលខ្លឹមសារ និងតួលេខជាមួយនឹងរដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យរបាយការណ៍កាន់តែមានខ្លឹមសារ និងជាក់ស្តែង រំលេចឲ្យឃើញសកម្មភាពការងាររបស់ក្រុមការងារកន្លងមក ។

ក្នុងកិច្ចប្រជុំនេះផងដែរ បានពិភាក្សាលើការងារបំពាក់គ្រឿងឥស្សរិយយស លើកទឹកចិត្តជូនមន្ត្រីដែលសកម្មការងារនៅរដ្ឋបាលខេត្ត និងនៅថ្នាក់មូលដ្ឋាន នៅថ្ងៃប្រជុំបូកសរុបលទ្ធផលសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានខេត្តកំពត ៕





No comments:

Post a Comment

Pages