សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចូលរួមរំលែកទុក្ខ គ្រួសារសព លោក ឆាយ សុខ ដែលបានស្លាប់ដោយរន្ទះបាញ់ កាលពីថ្ងៃទី១៦ ខែមិថុនានេះ - BNP

Breaking

Thursday, June 18, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចូលរួមរំលែកទុក្ខ គ្រួសារសព លោក ឆាយ សុខ ដែលបានស្លាប់ដោយរន្ទះបាញ់ កាលពីថ្ងៃទី១៦ ខែមិថុនានេះ

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចូលរួមបុណ្យសពលោក ឆាង សុខ ដែលរងគ្រោះបាត់បង់ជីវិតដោយសាររន្ទះបាញ់ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ដោយមានការអញ្ជើញរួមដំណើរដោយ ប្រតិភូអនុសាខាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ព្រែកហូរ និងអាជ្ញាធរដែនដីភូមិ សង្កាត់ ជាច្រើនរូបទៀត។

មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងក្តុកក្តួលយ៉ាងក្រៃលែង ។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះបាននាំ កូនប្រុស២នាក់ និងចៅស្រី១នាក់ ទៅរោងគោនៅជិតបឹងឈូកជាប្រចាំ ដើម្បីលែងគោអោយស៊ីស្មៅ។ លុះវេលាម៉ោង១៦និង០០នាទីថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់រលឹមតិចៗ ជនរងគ្រោះ ជាមួយកូន២នាក់ និងចៅស្រី បានចុះទៅឃ្វាលគោអោយចូលរោងវិញ ចែកគ្នាទៅឃ្វាលគោផ្សេងៗគ្នា ចំងាយពី៥ម៉ែត្រទៅ៦ម៉ែត្រ នៃជនរងគ្រោះស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះ ធ្វើអោយជនរងគ្រោះដេក ដួលនៅលើដីស្លាប់ភ្លាមៗ។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមបានចូលរួមបុណ្យសពរួមមាន ៖ អង្ករ ៥០ គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ត្រីខកំប៉ុង ២យួរ ,ទឹកក្រូច ២កេស និងថវិកាចំនួន ៥០ម៉ឺនរៀល ។ ដោយឡែកប្រតិភូអនុសាខាក្រុងតាខ្មៅ បានចូលរួមមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ត្រីខកំប៉ុង ១យួរ ,ទឹកសុទ្ធ ២កេស ,ប៊ីចេង ២កញ្ចប់ ,ស្ករស ២កញ្ចប់ និងថវិកា ២០ម៉ឺនរៀល ៕




No comments:

Post a Comment

Pages