ឯកឧត្តម ជាវ តាយ ដឹកនាំប្រជុំពិនិត្យពិភាក្សាសិក្សា លើគម្រោងសាងសង់ផ្លូវក្នុងឃុំព្រែកត្នោតស្រុកទឹកឈូតាមបណ្ដោយឆ្នេរសមុទ្រខេត្តកំពត - BNP

Breaking

Friday, June 5, 2020

ឯកឧត្តម ជាវ តាយ ដឹកនាំប្រជុំពិនិត្យពិភាក្សាសិក្សា លើគម្រោងសាងសង់ផ្លូវក្នុងឃុំព្រែកត្នោតស្រុកទឹកឈូតាមបណ្ដោយឆ្នេរសមុទ្រខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវ មួយខ្សែស្ថិតនៅភូមិព្រែកត្នោតក្នុងឃុំព្រែកត្នោតស្រុកទឹកឈូ តាមបណ្ដោយឆ្នេរសមុទ្រក្នុងខេត្តកំពត។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុក ឃុំពាក់ព័ន្ធ ។ ក្នុងគោលបំណង ផ្ដោតសំខាន់លើការចូលរួមនពិនិត្យ ពិភាក្សា ប្រមូលមតិយោបល់ សំដៅធ្វើឲ្យការអនុវត្តគម្រោងសាងសង់ផ្លូវនេះប្រព្រឹត្តទៅដោយរលូន នឹងទទួលបានលទ្ធផលល្អប្រសើរ។

ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មានការគាំទ្រដល់គម្រោងសាងសង់ផ្លូវនេះ តាមរយៈការចូលរួមមតិយោបល់និងការបង្ហាញពីសារៈប្រយោជន៍នៃគម្រោងសាងសង់ផ្លូវនេះ  ដោយបានលើកជាមតិយោបល់បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្នុងភូមិព្រែកត្នោតឃុំព្រែកត្នោតស្រុកទឹកឈូនេះនៅពេលសាងសង់រួច គឺជាផ្លូវមានសារៈសំខាន់នាំមកផលប្រយោជន៍ដល់សាធារណៈទូទៅជាច្រើន។ ពិសេសផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរនិងព្រៃកោងកាង មាត់សមុទ្រពីការរំលោភបំពាននានា មិនតែប៉ុណ្ណោះ ក៏នាំមកនូវជាហេដ្ឋារចនាសម្ព័ន្ធដែលជាសក្ដសនុពល បម្រើដល់វិស័យទេសចរណ៍សម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីប្រមូលមតិចូលរួម ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។ ព្រោះថាការងារអភិវឌ្ឍន៍អ្វីមួយ ត្រូវមានការចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួលផលប្រយោជន៍ទាំងអស់គ្នា ក្នុងនោះគឺការផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍នៃតំបន់អភិវឌ្ឍន៍នេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកបញ្ជាក់ឲ្យដឹងដែរថា បញ្ហាផ្លូវគឺជាការងារអាទិភាព ក្នុងវិស័យអាទិភាពមួយចំនួននៃគោលនយោបាយរបស់រាជរដ្ឋាភិបាលពោល គឺមានផ្លូវមានក្ដីសង្ឃឹម នេះផ្អែកតាមចក្ខុវិស័យដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានការចូលរួមមតិយោបល់ពីជំនាញ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាននិងអវិជ្ជមាន។ ដូចនេះឯកឧត្ដមអភិបាលខេត្តក៏សូមស្នើដល់ជំនាញនិងអាជ្ញាធរមូលដ្ឋានមុនពេលចាប់ដំណើរការគម្រោងសាងសង់ផ្លូវនេះ ត្រូវជួបជាមួយប្រជាពលរដ្ឋតាមរយៈអង្គការសាធារណៈសំដែងការចូលរួមគាំទ្រក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវលើកជាប៉ាណូផ្សាយឲ្យបានទូលំទូលាយសាងក្នុងការដ្ឋានសាងសង់ចៀសវាងការយល់ច្រឡំពីមតិសាធារណជនវាយតម្លៃពីភាពអវិជ្ជមានណាមួយមកលើអាជ្ញាធរមូលដ្ឋាននិងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ៕






No comments:

Post a Comment

Pages