ពលរដ្ឋសប្បាយចិត្ត ដោយអាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ច្រាំងទន្លេ ការពារបាក់ស្រុត - BNP

Breaking

Tuesday, June 16, 2020

ពលរដ្ឋសប្បាយចិត្ត ដោយអាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ច្រាំងទន្លេ ការពារបាក់ស្រុត

កំពង់ចាម ៖ ប្រជាពលរដ្ឋនៅតាមតំបន់ដងទន្លេ បានសម្ដែងការអបអរ រីករាយដោយអាជ្ញាធរខេត្ត បានសាងសង់ច្រាំងទន្លេដើម្បីការពារ ការបាក់ស្រុក ក្នុងរដូវទឹកជំនន់ ។

ភាពរីករាយរបស់ពលរដ្ឋ បានសំដែងឲ្យឃើញខណៈពេល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​អភិបាលរងខេត្ត​ ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម​ និងចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន​ ផងដែរ​ ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយ​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​។ ដោយ​ឡែក​ច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បាន​រងការបាក់ស្រុត​កាលពីពេលថ្មីៗនេះ​ បណ្តាល​ឲ្យ​ប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ​ផ្លូវ​កៅស៊ូនៅចំណុចនោះ។

ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់​នោះ ទើប ឯកឧត្តម អភិបាលខេត្ត បានឲ្យក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ និង បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំងទន្លេ ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ​ ដោយប្រើប្រាស់​កញ្ចប់​ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតែម្តង ។

No comments:

Post a Comment

Pages