សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា - BNP

Breaking

Thursday, May 28, 2020

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

 នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ​ដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំ​នេះគឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភា​នគរបាលកម្ពុជា ហើយក្នុងពេលកន្លងទៅថ្មីៗនេះ បណ្ឌិតសភានគរបាល​កម្ពុជា ក៏ទើបតែបានឆ្លងនូវផែនការសកម្មភាពផែនការសកម្មភាព​សម្រាប់​ឆ្នាំ២០២០របស់ខ្លួនផងដែរ ដែលផែនការនេះត្រូវបាននិងកំពុងចាត់ចែង​អនុវត្ត​ក្នុង​ពេលបច្ចុប្បន្ន។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍គូស​បញ្ជាក់បន្តថា ចំពោះផែនការសកម្មភាពឆ្នាំ២០២០កន្លងទៅ ក៏បានជួប​នូវ​ឧបសគ្គខ្លះ​ៗផងដែរ ដែលជាបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ហើយសូម្បីតែការសិក្សារៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិ ក៏យើងបានផ្អាកទូទាំងប្រទេស។

ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោម ក៏បានស្នើដល់អគ្គនាយកដ្ឋាន​ផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ ឲ្យបន្ត​ខិតខំថែមទៀត ដើម្បីអាចធ្វើជាមូលដ្ឋានបង្អែកក្នុងការធ្វើសកម្មភាព។ សម្តេច ក៏បានមានប្រសាសន៍ថា ជាការពិតសម្តេចក៏យល់ថា កន្លែង​ខ្លះក៏ពិបាកក្នុងការធ្វើផែនការជាក់លាក់នេះផងដែរ ប៉ុន្តែយើងត្រូវ​តែខិត្តឲ្យអស់លទ្ធភាព ដើម្បីបានជាមូលដ្ឋាន និងជាបទពិសោធន៍​សម្រាប់យកទៅអនុវត្តនៅពេលខាងមុខទៀត។ សម្តេចក្រឡាហោម ក៏បានជម្រុញឲ្យអង្គភាព ឬអគ្គនាយកដ្ឋានទាំងអស់ បើបានរៀបចំផែន​ការសកម្មភាពឆ្នាំ២០២០រួចហើយ សូមឲ្យខិតខំបន្តរៀបចំធ្វើផែនការ​សកម្មភាពសម្រាប់ឆ្នាំ២០២១បន្តទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការណ៏​គោរព​ជូនអង្គប្រជុំពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២១នេះថា ផែនការសកម្មភាពប្រចាំឆ្នាំ២០២១ របស់បណ្ឌិតសភានគរបាល​កម្ពុជា នេះត្រូវបានរៀបចំឡើងដោយយោងទៅលើចំណុចចំនួន៥ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការ​យុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាការឆ្លងយោបល់ជាមួយឯកឧត្តមសន្តិបណ្ឌិតចាន់ អ៊ាន រដ្ឋលេខាធិការផងដែរ៕






No comments:

Post a Comment

Pages