រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត - BNP

Breaking

Wednesday, May 13, 2020

រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែ ឧសភា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដែលមានរបៀបវារៈចំនួន២ចំណុចជាសំខាន់ ១.អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត និង២.អនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាពចំណុះឲ្យសាលាខេត្ត និងអាជ្ញាធរក្រុងស្រុក ។

ឆ្លងតាមកិច្ចប្រជុំពិភាក្សា និងការបកស្រាយនូវរាល់ចំណោទបញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង ត្រូវបានមន្ទីរ អង្គភាពសាមីបានធ្វើការបកស្រាយបំភ្លឺ ដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ ពិសេសបានផ្តោតសំខាន់ចំពោះបញ្ហាបន្តការការពារទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងការអនុវត្តច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្ន ព្រមទាំងមានការបកស្រាយបំភ្លឺ ពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។

នៅក្នុងកិច្ចប្រជុំឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ១៩ តែចំពោះកិច្ចការងាររដ្ឋបាលក្នុងខេត្ត បានដំណើរការទៅដោយរលូនសំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ ក្នុងដែរអាជ្ញាធរខេត្តបានយកចិត្តទុកដាក់អនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដែលមានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។

ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និងជនបទ នៅពេលដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកផងដែរ ក្រោយពេលដែលជំងឺកូវីដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្តទៀត ចំពោះរលកទី២នៃជំងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ។

ក្នុងឪកាសនោះដែរឯកឧត្តម ហឿ ស៊ីយ៉ែម ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជំងឺកូវីដ១៩ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយអាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ជាពិសេសតំបន់ទីប្រជុំជន យើងត្រូវអប់រំណែនាំ កាត់បន្ថយកុំឲ្យមានការជួបជុំគ្នា ជៀសវាងការចម្លងជំងឺសំខាន់កុំឲ្យកើតមានជំងឺកូវីដ១៩ នៅតាមសហគមន៍។ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានលើកផងដែរ ចំពោះការអនុវត្ត ចាប់ចរាចរណ៍ថ្មី ឲ្យប្រព្រឹត្តិទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ដើម្បីបញ្ជៀសពិការរឹះគុណពីមហាជនផងដែរ ៕







No comments:

Post a Comment

Pages