ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ - BNP

Breaking

Monday, March 2, 2020

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះថ្មី ក្រោមអធិបតីភាព ឯកឧត្ដមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

សូមបញ្ជាក់ថា លោក ក្រឹម ម៉ារ៉ាឌី ឋានន្តរស័កិ្តវរមន្ត្រី ថ្នាក់លេខ២ ជាប្រធានមន្ទីរមុខងារសាធារណៈ ជំនួសលោក រស់ ដាវុធ ដែលមានភារកិច្ចផ្ទេរទៅបម្រើការងារនៅក្រសួងមុខងារសាធារណៈ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍បញ្ជាក់ថា ៖ មន្ទីរមុខងារសាធារណៈ គឺជាយន្តការខ្សែបណ្ដោយ របស់ក្រសួងមុខងារសាធារណៈដែលមានតួនាទីដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ឲ្យឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងការវិវត្តជាអន្តរជាតិ ។ ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ពាក់ព័ន្ធទៅនឹងទិដ្ឋភាពសំខាន់ៗមួយចំនួនដូចជា ៖ -ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល-ការកសាងការអនុវត្តនិងការពិនិត្យការអនុវត្តគោលនយោបាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល-ការពិនិត្យនិងផ្ដល់យោបល់លើការរៀបចំរចនាសម្ព័ន្ធការងាររបស់អង្គភាពនានាថ្នាក់ក្រោមជាតិ និងការការពារផលប្រយោជន៍មន្ត្រីរាជការ ។ ហើយជាមួយគ្នានេះដែរនាពេលថ្មីៗនេះ មន្ត្រីការិយាល័យពាក់ព័ន្ធជុំវិញ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួនប្រមាណជិត២ម៉ឺននាក់ ក្នុងនោះមន្ត្រីរាជការចំនួន១៦.០៩៣នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣.៥១៩ នាក់ បានធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទាំង២០៣នៅទូទាំងប្រទេស ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញនិងថ្នាំផ្ញើដល់ប្រធានមន្ទីរថ្មី ៖ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរឲ្យបានល្អ និងត្រឹមត្រូវទៅតាមគោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ល្អស្មោះត្រង់ និងជាទីទុកចិត្តរបស់ប្រជាជន” -ត្រូវធ្វើការប្រាជ្ញាចិត្ត និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បន្តអនុវត្តការងារទៅថ្ងៃអនាគត នឹងខិតខំដោះស្រាយរាល់សំណូមពរ ក៏ដូចជាសេចក្តីត្រូវការជាក់ស្ដែងរបស់មន្ត្រីរាជការ ជាពិសេសនោះគឺខិតខំពង្រឹងបន្ថែមទៀតលើការទំនាក់ទំនង សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងរដ្ឋបាលក្រុងស្រុកផង-ដែរត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរថែមទៀត ព្រោះមានតែសាមគ្គីភាពផ្ទៃក្នុងទេ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ នៃការផ្ដល់លទ្ធភាពឲ្យមន្ទីរទទួលបានជោគជ័យ ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន-បន្តពង្រឹងសមត្ថភាពដើម្បីអនុវត្តតួនាទីភារកិច្ចថ្មីៗតាមរយៈ លិខិតបទដ្ឋានថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ និងការផ្ទេរមុខងារជាដើម -ត្រូវខិតខំការពារ និងបម្រើផលប្រយោជន៍ជូនមន្ត្រីរាជការ និងអង្គភាពនានានៅថ្នាក់ក្រោមជាតិ សំដៅជំរុញនិងលើកទឹកចិត្តដល់អង្គភាព និងមន្ត្រីរាជការទាំងនោះស្របតាមបាវចនារបស់ក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈត្រូវធ្វើជាសេនាធិការ ជូនគណៈអភិបាល និងក្រុមប្រឹក្សាពាក់ព័ន្ធ នឹងកិច្ចការមុខងារសាធារណៈប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទំនួលខុសត្រូវខ្ពស់ ៕







No comments:

Post a Comment

Pages