ជនសង្ស័យ៦នាក់ ជាមុខសញ្ញាវាយប្លន់ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន - BNP

Breaking

Saturday, February 22, 2020

ជនសង្ស័យ៦នាក់ ជាមុខសញ្ញាវាយប្លន់ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួន០៦នាក់ ជាមុខសញ្ញាវាយប្លន់ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយក្រុមជនសង្ស័យធ្វើសកម្មភាព ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅជិតគល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ឈិន សំណាង អាយុ២១ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតនៅភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មធ្យោបាយបាត់បង់ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្ដាល1AH-9763។

បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានជួបជុំមិត្តភ័ក្ដិផឹកស៉ីនៅមុខកំពង់ចម្លងអរិយក្សត្រ ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ក៏មានការឈ្លោះប្រកែកគ្នា រហូតដល់ភាគីខាងជនរងគ្រោះ បានជិះម៉ូតូចេញពីកន្លែងកើតហេតុ ដើម្បីធ្វើដំណើទៅផ្ទះវិញ ស្រាប់តែជនសង្ស័យខាងលើ បាននាំគ្នាជិះម៉ូតូដេញតាមវាយរហូត ដល់ចំណុចកើតហេតុជិតគល់ស្ពានអាកាសក្បាលថ្នល់ ជនរងគ្រោះបានជិះម៉ូតូធ្លាក់ចង្ហុក បណ្ដាលឲ្យដួលម៉ូតូ។ ភ្លាមៗ នោះស្រាប់តែក្រុមជនសង្ស័យមកទាន់ ក៏នាំគ្នាចុះមកវាយជនរងគ្រោះ រួចក៏លើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់កំណត់មុខសញ្ញា និងក្របួចបានទាំងសំបុក នៅផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវ២៧១ ចំណុចមុខច្រកចូលផ្សារទំនើបសុវណ្ណា បាន៤នាក់ និងតាមចាប់ជាបន្តបន្ទាប់បាន២នាក់បន្ថែមទៀត សរុបទាំងអស់៦នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ចិន្តា វិច្ឆិកា អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ សេរី ចាន់ដារ៉ា អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ សេរី ចន្ទកក្កដា អាយុ១៥ឆ្នាំ, ទី៤៖ ឈ្មោះ ទូច ឃួន អាយុ១៩ឆ្នាំ, ទី៥៖ ឈ្មោះ នន រតនា អាយុ១៩ឆ្នាំ និងទី៦៖ ឈ្មោះ សុខា វិរៈបុត្រ អាយុ១៩ឆ្នាំ។

បច្ចុប្បន្នយុវជនទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕



No comments:

Post a Comment

Pages