ជនសង្ស័យលួចម៉ូតូបានប៉ុន្មានថ្ងៃ ចៃដន្យម្ចាស់បានឃើញវិញ ក៏តេហៅប៉ូលីសអោយចាប់តែម្តង - BNP

Breaking

Wednesday, February 12, 2020

ជនសង្ស័យលួចម៉ូតូបានប៉ុន្មានថ្ងៃ ចៃដន្យម្ចាស់បានឃើញវិញ ក៏តេហៅប៉ូលីសអោយចាប់តែម្តង

ភ្នំពេញ៖ នៅរសៀលម៉ោងប្រហែលជា០១:៣០នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុផ្អើលឆោឡោមួយ បណ្តាលអោយមានបងប្អូនប្រជាពលរដ្ឋមកចោមរោមមើល ដោយសារតែមានប្តីប្រពន្ធ២នាក់ បានប្រទះជាមួយជនសង្ស័យដែលបានលួចម៉ូតូរបស់គាត់កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅមុខហាងអ៊ុតសក់ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានរាយការណ៍ទៅសមត្ថកិច្ចអោយជួយឃាត់ខ្លួន ។

ជនរងគ្រោះឈ្មោះ អេង សុផានី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជា ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកលោកជនសង្ស័យវិញមានឈ្មោះ ចិន ឈឺន អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជា កសិករ ស្នាក់នៅភូមិព្រៃត្រេះ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានអោយ Online Reporter ដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដាសេ១២៥ សេរី ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HJ-5987 នៅចំណុចកើតហេតុខាងលើ ដោយចាក់សោកត្រឹមត្រូវ រួចចូលក្នុងហាងកក់សក់ឲ្យភ្ញៀវ ស្រាប់តែជនសង្ស័យឃើញឱកាសល្អ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ខណៈពេលនោះជនរងគ្រោះឃើញក៏បានស្រែកចោរៗដែរ តែជនសង្ស័យបានជិះគេចខ្លួនទៅបាត់ ដោយដោះស្លាកលេខដើមបោះចោល ហើយដាក់ស្លាកលេខថ្មីជំនួសវិញ គឺ កំពង់ស្ពឺ 1I-4706 ។ លុះដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង០១និង៣០នាទីរសៀល ជនរងគ្រោះ និងប្តី បានឃើញជនសង្ស័យកំពុងជិះម៉ូតូម៉ាកខាងលើ នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ខាងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កំពុងសាកសួរដើម្បីបន្តតាមនីតិវិធី។

No comments:

Post a Comment

Pages