អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សារសេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ - BNP

Breaking

Wednesday, December 4, 2019

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សារសេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សារសេចក្តីព្រាង​ផែន​ការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុប្រធាន អាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខា​ធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សមាជិកក្រុមការងារអន្តរក្រសួង ស្ថាប័ន អង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បាន​កោត​សរសើរចំពោះក្រុមការងាររបស់ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានខិតខំប្រឹង​ប្រែងប្រមូលផ្ដុំឯកសារទិន្នន័យពាក់ព័ន្ធ មតិយោបល់ និងធាតុចូល​ផ្សេងទៀតពីក្រសួង ស្ថាប័ន អង្គភាពជាសមាជិក ក៏ដូចជាពី​ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាតិ អន្តរជាតិដើម្បីរៀបចំកសាង​សេចក្តីព្រាងផែនការជាតិដ៏មានសារៈសំខាន់មួយនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេ​ខា​ធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានធ្វើ​សេច​ក្តីរាយការណ៍អំពីដំណើរការរៀបចំ និងខ្លឹមសារនៃផែន​ការ​ជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩-២០២៣ ដែល​កន្លងមកនេះត្រូវបានធ្វើការពិនិត្យ ពិភាក្សា និងកែសម្រួល​ជាច្រើនលើកច្រើនសារ ទាំងក្នុងកម្រិតក្រុមការងារ​របស់អគ្គលេខា​ធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្នុងកម្រិតក្រុមការងារបច្ចេកទេសអន្តរក្រសួង។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបន្តថា សេចក្តីព្រាង​ផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិមិត្យគ្រឿងញៀន ឆ្នាំ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បី​អនុវត្តន៍​បន្ត​នូវ​រាល់សកម្មភាពទាំងឡាយដែលកំពុងអនុវត្ត និងសកម្មភាព​ដែលពុំទាន់បានអនុវត្តក្នុងផែនការជាតិ ៣ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ ជាពិសេស កម្មវិធីថ្មីៗមួយចំនួនដែលឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃគ្រឿងញៀន ទាំងនៅក្នុងប្រទេសក្នុងអនុតំបន់ ក្នុងតំបន់ និងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ដែលមាន​លក្ខណៈ​ពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានក្នុង​ការរៀបចំផែនការប្រតិបត្តិទៅតាមវិស័យនីមួយៗ ដើម្បីបង្ការ​ទប់ស្កាត់ បង្ក្រាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាព​នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនចូលរួមចំណែកក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងការអភិវឌ្ឍសង្គម ពិសេស​ចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​នីតិកាលទី៦ នៃរដ្ឋសភា ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិឆ្នាំ ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំ​ណើរ​នា​ពេលថ្មីៗកន្លងទៅនេះ៕





No comments:

Post a Comment

Pages