សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា - BNP

Breaking

Tuesday, December 31, 2019

សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា

នៅវិមានសន្តិភាព ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ លោកជំទាវ ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងពេលដែលលោកជំទាវត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតក្នុងឱកាសដែលលោកជំទាវទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកជំទាវពិតជាមានកិត្តិយសយ៉ាងខ្លាំងដោយបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោកជំទាវបានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា គឺបេះដូងរបស់លោកជំទាវស្ថិតនៅក្នុងប្រទេសកម្ពុជារួចទៅហើយ។

លោកជំទាវបានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ហើយយកបទពិសោធន៍នោះដើម្បីជាការរៀនសូត្រផងនិងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង។ លោកជំទាវបានឃើញសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជាដែលសុខសន្តិភាពបស្ថេរភាពនេះហើយ ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។លើសពីនោះទៅទៀត កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាពលរដ្ឋរីករាយស្រស់ថ្លាហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពនេះឯងដែលមានការទាក់ទាញសម្រាប់អ្នកទេសចរមកទស្សនានៅកម្ពុជា មកវិនិយោគនៅកម្ពុជា ហើយជាងនេះទៅទៀត កត្តាសុវត្ថិភាពនេះឯងគឺជាកត្តាទាក់ទាញជាទីបំផុត។

ក្នុងន័យនេះដែរ លោកជំទាវក៏បានសម្តែងនូវការរីករាយដែលលោកជំទាវបានក្លាយជាអ្នកការទូតរបស់ទីម័រខាងកើតលើកទី១ មកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជាដែលកំពុងបន្តការសិក្សានៅកម្ពុជានាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវក៏បានគោរពថ្លែងនូវការជូនពរសម្ដេចតេជោ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកលនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាជីវិតតម្កល់លើត្បូង។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកគឺកម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើតក៏មានបទពិសោធន៍សម្រាប់ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបាននូវផលប្រយោជន៍រួមផង និងទាំងសង់ខាងផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្តីរីករាយដោយមានសិស្សទីម័រខាងកើតជាច្រើនបានមកសិក្សានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើនមកសិក្សានៅកម្ពុជា ទីមួយគឺការចែករំលែកនូវចំណេះដឹងរវាងនិស្សិត និងនិស្សិតទីពីរ គឺដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង។ បន្ទាប់មក សម្តេចតេជោក៏បានជូនពរឲ្យលោកជំទាវ បានទទួលជោគជ័យជាបន្តបន្ទាប់ទៀតជាពិសេសនៅឆ្នាំថ្មីដែលនឹងឈានចូលមកដល់ឆាប់ៗ និងបេសកកម្មថ្មីរបស់លោកជំទាវទៅពេលអនាគត៕



No comments:

Post a Comment

Pages