ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិគោកត្របែក ទទួលបាន​សាលាកបត្រពត៌មានដីអាស្រ័យផល - BNP

Breaking

Thursday, December 26, 2019

ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិគោកត្របែក ទទួលបាន​សាលាកបត្រពត៌មានដីអាស្រ័យផល

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​ប្រធាន​​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតី​ក្នុងពិធី​ប្រគល់សាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ ស្ថិតនៅភូមិ​គោក​ត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញបានចុះ​បំពេញសាលាកបត្របានចំនួន ១២៤គ្រួសារ  ដែលមានផ្ទៃដីសរុប ជាង ១៣១ ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះ​ប្រជាពលរដ្ឋដែលមានក្បាលដី ០២ប្លង់ មានចំនួន ០៧គ្រួសារ និងមានក្បាលដី ០៤ប្លង់ មានចំនួន ០១គ្រួសារ។ ការចុះធ្វើ​សាលាកបត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែល​ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ ហើយក្នុង ០១គ្រួសារ មិនលើសពី ០៥ហិកតា។

ជាមួយគ្នានោះដែរ ឯកឧត្តម ថោង ខុន មានប្រសាសន៍​លើកឡើង​ថា បងប្អូនដែលទទួលបានសាលាកបត្រព័ត៌មាននេះ និងប្រជា​ពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នេះ សូមកុំលក់ដូរដីនៅតំបន់ ៣នេះ ព្រោះជាដីអាស្រ័យផល សូមមេត្តាបញ្ឈប់សកម្មភាព​ការ​កាប់​រាន​ព្រៃលិចទឹក និងការនេសាទដោយប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ហើយរួមគ្នាថែរក្សាការពារ សម្បត្តិធនធានធម្មជាតិ ដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយៗទៀត និងសូម​កុំឲ្យមានការទិញលក់ដីដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងតំបន់នេះ ព្រោះដីនេះបងប្អូនប្រជាពលរដ្ឋមានសិទ្ធិតែអាស្រ័យផលតែប៉ុណ្ណោះ។ ម្យ៉ាវិញទៀត ត្រូវចូលរួមថែរក្សារាល់សមិទ្ធផលទាំង​ឡាយ​នៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជន​នានា ហើយសូមបងប្អូនត្រូវមានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាងប្រទេស​ជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យ។

ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បន្ទាប់ពីសំណេះសំណាល់ចប់ ឯកឧត្តម ថោង ខុន និង ឯកឧត្តម សុខ លូ ក៏បានចែកជានិម្មិត្តរូបនូវសាលាកបត្រព័ត៌មាន​ដីអាស្រ័យ​ផលជូនប្រជាពលដ្ឋ និងចែកអំណោយជូនប្រជាពលដ្ឋចូលរួ​ម​ប្រមាណ ៣០០នាក់ ដោយក្នុង ០១នាក់ ទទួលបាន សារ៉ុង ០១ ថវិកា ០២ម៉ឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះ៕






No comments:

Post a Comment

Pages