រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់​គោលដៅទី៦ ដែលជាគោលដៅចុងក្រោយ​នៃបេសកកម្ម​ការងារ​របស់ខ្លួន - BNP

Breaking

Tuesday, December 24, 2019

រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់​គោលដៅទី៦ ដែលជាគោលដៅចុងក្រោយ​នៃបេសកកម្ម​ការងារ​របស់ខ្លួន

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅ​ទី៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាក្រុងសៀមរាប ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីបានធ្វើឡើងនៅ​ក្នុងទូទាំង​ខេត្ត ( ១២ក្រុង.ស្រុក ) អស់រយៈពេល៣សប្តាហ៍កន្លងមក ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សា​ខេត្តសៀមរាប និងលោក លី សំរិទ្ធ អភិបាលខេត្តស្តីទី​បានវាយ​តម្លៃថា  អង្គវេទិកាទាំងនោះ គឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង លើការពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យពិចារណា ឆ្លុះបញ្ចាំងទៅលើសមិទ្ធផល​ដែល​សម្រេចបាន បញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៩ និងគម្រោ​ង​សកម្មភាពជាអាទិភាព សម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាល​ខេត្កសៀមរាប។  ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រជា​សហគមន៍ វិស័យឯកជន សង្គមស៊ីវិល និងមន្រ្តីជំនាញជា​វាគ្មិនមកពីបណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ គឺជា​កម្លាំងចលករ ជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ សំដៅធ្វើឲ្យ​ថ្នាលប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាង​ជ្រៅទៅ​ក្នុងសហគមន៍មូលដ្ឋាន ដែលព្រឹត្តិការណ៍ទាំងនោះ វាគឺជា​យន្តការ​មួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។

លោក លី សំរិទ្ធ អភិបាលខេត្តស្តីទី បានបញ្ជាក់ថា ខេត្តសៀមរា​ប​ក្នុង​ចំណោមរាជធានី ខេត្ត ក្រុង បានជាប់នៅក្នុង (ស្មាតស៊ីធី ) ជាប់ជាទីក្រុងវៃឆ្លាត ដែលប្រកបទៅដោយបរិស្ថានល្អ ដើមី្បឲ្យ​ក្រុងប្រវត្តិសាស្ត្រមួយនេះបានក្លាយ ខ្លួនជាទីក្រុងវៃឆ្លាត សូមបង​ប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំងអស់ ចូលរួមអនុវត្តនូវ គោលការណ៍ណែនាំរបស់អាជ្ញាធរខេត្ត ដើមី្បឲ្យខេត្ត ក្រុងសៀមរាប ក្លាយជាទីក្រុងវៃឆ្លាតទៅអនាគត ។

សមាជិក សមាជិកាសម្រាប់វេទិកាគោលដៅទី៦នេះ មានចំនួន​ប្រមាណជា ៧២៣នាក់ មកពីក្រុងសៀមរាប និងស្រុកពួក  មានវា​គ្មិនជាមន្រ្តីជំនាញពាក់ព័ន្ធមកពីបណ្តាមន្ទីរ-អង្គភាពនានាចំនួន ៤៧ រូប សម្រាប់ការឆ្លើយតបសំណួរ និងសំណូមពរនៃអង្គវេទិកា ។ នៅក្នុងអង្គវេទិកាគោលដៅទី៦នេះ ទទួលបានសំណួរ និង​កង្វល់​ផ្ទាល់មាត់ពីប្រជាសហគមន៍ចំនួន១៩ នឹងត្រូវបានវាគ្មិន​ឆ្លើយ​តប​ដោះស្រាយរួចរាល់ទាំង ១៩សំណួរ និងសំ​ណូមពរ​ទាំងនោះ ។ ដោយឡែកនៅមានសំណួរនិងសំណូមពរ​ជាលាយ​ល័ក្ខអក្សរចំនួន៥០ផ្សេងទៀត ដែលត្រូវយកទៅពិនិត្យ ពិភាក្សា​ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងត្រូវធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងវិញជាលាយលក័្ខអក្សរដល់ម្ខាស់សំណួរ តាមរយៈមេឃុំ ចៅសង្កាត់ ។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់ ស្តីពីការគ្រប់គ្រង​រដ្ឋបាលរាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹតស្តីពីតួនាទី-ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា-គណអភិបាលខេត្ត   ក្រុមប្រឹក្សា- គណអភិបាលក្រុង-ស្រុក  គឺក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ  ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង-ស្រុកនានា ទូទាំងខេត្ត ៕





No comments:

Post a Comment

Pages