ប្រជាពលរដ្ឋនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវ​លំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ ដើម្បីធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ - BNP

Breaking

Wednesday, November 13, 2019

ប្រជាពលរដ្ឋនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទទួលបានផ្លូវ​លំក្រាលគ្រួសល្បាយថ្មភ្នំថ្មី ១ខ្សែរ ដើម្បីធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ

 ខេត្តប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងប្រធាន​មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មូលដ្ខាន បាន​អញ្ជើញប្រគល់ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវផ្លូវក្រាលគ្រួសល្បាយថ្មភ្នំ១ខ្សែរ ដែលទើបបានបញ្ចប់ការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ស្ថិតនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបាន​មានប្រសាសន៍​ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាង​អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ជាក់ស្តែងផ្លូវលំ១ខ្សែរនេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការធ្វើដំណើរ ទើបមន្ទីរសាធារណៈការនិង​ដឹកជញ្ជូនខេត្តប៉ៃលិន បានខិតខំស្វះស្វែងរកប្រភពថវិកា ដើម្បីមកធ្វើការជួសជុលកែលម្អឡើងវិញ ព្រមទាំងជួយសម្រួល​ឱ្យមាន​ប្រឡាយ និងប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា ដែលតែងតែជនលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុល និងកែលម្អឡើងវិញ ផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប​ងប្អូន​ប្រជា​ពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់ការ​ដឹកកសិ​ផល​ទៅលក់នៅទីផ្សារ និងសិស្សាសិស្សបានធ្វើដំណើរ​ទៅសាលា​រៀន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បាន​ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ហើយបើមានលទ្ធភាព ឯកឧត្តមនឹងកែប្រែផ្លូវនេះ ទៅជាផ្លូវ​កៅស៊ូ​តែ​ម្តងនាពេលខាងមុខ។

សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែរ ដែលប្រគល់​ដាក់​ឱ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជីកប្រឡាយរំដោះទឹកប្រវែង ១,៥០០ ម៉ែត្រ ស្ថាបនា​ប្រឡាយ​រៀបដុំបេតុងប្រវែង ១០០ម៉ែត្រ ស្ថាបនាជើង​ទេរៀប​ដុំបេតុង ទំហំ ៨៤ ម៉ែត្រការ៉េ និងដាក់លូទោលមុខកាត់ ០១ ម៉ែត្រ ចំនួន ០១ កន្លែង ហើយក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាល​ខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនជនពិការចំនួន ១១នាក់ ដោយក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន




No comments:

Post a Comment

Pages