ព្រះសង្ឃ និងគណៈកម្មការវត្តអធ្វាសុំបំភ្លឺព័ត៌មាន កុំអោយបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនរិះគន់លើព្រះសង្ឃ គណៈកម្មការ និងសមត្ថកិច្ចដោយខ្វះការពិចារណា - BNP

Breaking

Saturday, October 26, 2019

ព្រះសង្ឃ និងគណៈកម្មការវត្តអធ្វាសុំបំភ្លឺព័ត៌មាន កុំអោយបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនរិះគន់លើព្រះសង្ឃ គណៈកម្មការ និងសមត្ថកិច្ចដោយខ្វះការពិចារណា

 កាលពីពេលថ្មីៗ មានការផ្សព្វផ្សាយជាបន្តបន្ទាប់លើករណីការកាប់ឈើ មួយដើមដែលរងរន្ទះបាញ់ នៅវត្តអធ្វារហូតដល់មានការប្រមាថមាក់ងាយដល់ព្រះសង្ឃ។ ជាងនេះទៅទៀត សមត្ថកិច្ចជំនាញដែលចុះទៅបំពេញតួនាទីតាមសំណូមពររបស់សារព័ត៌មាន និងតាមការរាយការណ៍របស់ពលរដ្ឋនៅជិតវត្ត បែរជាត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនផ្សេងទៀត បានវាយប្រហារមកលើអាជ្ញាធរដោយមិនដឹងព័ត៌មានច្បាស់ និងគ្រប់ជ្រុងជ្រោយ។

ដើម្បីកុំអោយមានការភាន់ច្រឡំ និងកុំអោយអ្នកលេងបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនចេះតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនខ្វះវិចារណញ្ញាណ។  ព្រះសង្ឃ និងគណៈកម្មការវត្តអធ្វាក៏បាន ជួបបំភ្លឺតាមរយ:បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលមានខ្លឹមសារ ដូចខាងក្រោម៖

តាមការបញ្ជាក់របស់ព្រះសង្ឃវិសុទ្ធិញាណ បិយធម្មោ ភ្លឿន ដ្នៃ ព្រះគ្រូសូត្រស្តាំវត្តអធ្វា បានមានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើមី្បបំពេញនូវតម្រូវការ នៃការខ្វះខាតក្នុងវត្ត ក្នុងការសាងសង់កុដិ ដែលមានប្រវែង៣០ម៉ែត្រ ទទឹង៧ ម៉ែត្រ និងជៀសវាងការគ្រោះថ្នាក់ដល់ពុទ្ធបរិស័ទកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ គណៈកម្មការវត្តបានសម្រេចកាប់អារឈើមួយដើមដែលបាន ទទួលរងគ្រោះរន្ទះបាញ់ ហើយមានមែកឈើងាប់ធ្លាក់មកដី។ ព្រះអង្គបានបន្តទៀតថា ក្រោយពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក និងអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទថាព្រះសង្ឃ និង គណៈកម្មការ បានឃុបឃិតគ្នាកាប់ឈើជាច្រើនដើមនៅក្នុងវត្ត ស្ថិតក្នុងតំបន់អភិរក្ស លួចលក់ទៅឲ្យឈ្មួញខុសច្បាប់ កម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញបានចុះមកធ្វើការត្រួតពិនិត្យជាក់ស្តែង។ ជាលទ្ធផលឃើញថា ពិតជាបានមានការកាប់ឈើនៅក្នុងវត្តអធ្វាមែនតែកាត់ដើមឈើមួយដើមទេ បន្ទាប់មកកម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញបានដកហូតឈើនេះយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើជាបណ្តោះអាសន្នសិន រងចាំការសម្រេចរបស់ថ្នាក់លើ។ ព្រះអង្គក៏ទទួលស្គាល់នូវកំហុស និងសូមអធ្យាស្រ័យដែលព្រះអង្គពុំបានស្នើសុំទៅអាជ្ញាធរអប្សរា និងអាជ្ញាធរមូលដ្ឋាន។ តែវាបានផ្ទុយស្រឡះពីព័ត៌មានដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុក ដែលបានចោទប្រកាន់ដោយសង្ស័យថាព្រះសង្ឃរកស៊ីឈើខុសច្បាប់។ ព្រះអង្គក៏បានធ្វើការបិណ្ឌបាត្រឈើនោះវិញ ដើមី្បទុកប្រើប្រាស់ជាផលប្រយោជន៍ក្នុងវត្តអធ្វា ទៅតាមតម្រូវការចាំបាច់របស់វត្ត
ពីឯកឧត្តមអភិបាលខេត្ត។ ដោយពិនិត្យឃើញថាព្រះសង្ឃកាប់ដើមឈើនេះ ដើម្បីធ្វើកុដិ និងរោងបាយពិតប្រាកដមែន មិនដូចការចោទប្រកាន់ ឯកឧត្តមក៏បានប្រគេនឈើទាំងនោះជូនព្រះអង្គវិញតាមការស្នើសុំ។ ក្នុងនោះដែរ ព្រះអង្គក៏បានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត កម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញ ដែលបានស្វែងរកនូវភាពយុត្តិធម៌សម្រាប់ព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងធ្វើការអំពាវនាវដល់គ្រប់បណ្តាញសង្គមហ្វេសបុក មួយចំនួនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន សូមឲ្យពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ និងសុំចុះផ្សាយនូវអ្វីដែលជាព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ស្ថាប័នសាសនា និងស្ថាប័នរដ្ឋ ។ 

ដោយឡែក គណៈកម្មការអាចារ្យ និង ពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា លោកតា ជុន ជៀម បានធ្វើការថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញ និង កម្លាំងសមត្ថកិច្ច ដែលបានប្រគេននូវឈើមួយដើមនេះមកវិញ ដើមី្បប្រើប្រាស់កសាងសមិទ្ធផលផ្សេងៗក្នុងវត្ត ព្រមទាំងស្វែងរកនូវភាពស្អាតស្អំដល់ព្រះសង្ឃ គណៈកម្មការវត្ត ឲ្យបានជ្រះស្រឡះពីការមួលបង្កាច់ និងព័ត៌មានបំផ្លើសពីការពិត ក្នុងការចោទប្រកាន់ថា ព្រះសង្ឃវត្តអធ្វា បានឃុបឃិតគ្នាកាប់ដើមឈើនៅក្នុងវត្ត ស្ថិតក្នុងតំបន់អភិរក្ស លួចលក់ទៅឲ្យឈ្មួញខុសច្បាប់ ដូចការផ្សព្វផ្សាយនោះទេ។ លោកតា ក៏បានអំពាវនាវដល់គ្រប់បណ្តាញសង្គមហ្វេសបុក មួយចំនួនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ពុំនោះទេ នឹងអាចធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា៕




No comments:

Post a Comment

Pages