ខេត្តស្វាយរៀងមានរៀបចំពិធីចាប់ឆ្នោតទទួលលេខរៀងរៀបចំផ្ទះជូនគ្រួសារអតីតយុទ្ធជនជំហានទីពីរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក - BNP

Breaking

Monday, October 21, 2019

ខេត្តស្វាយរៀងមានរៀបចំពិធីចាប់ឆ្នោតទទួលលេខរៀងរៀបចំផ្ទះជូនគ្រួសារអតីតយុទ្ធជនជំហានទីពីរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះជូនគ្រួសារអតីតយុទ្ធជនជំហានទីពីរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង ឯកឧត្តម បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

អញ្ជើញចូលរួមក្នុងក្នុងកិច្ចប្រជុំនេះមាន លោកនាយទីចាត់ការនានាលាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អួនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ហែម ពិសិដ្ឋ បានលើកឡើងថា តាមរយៈសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គួរជាទីមោទកភាព ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខប្រជាជនទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានជីវភាពក្រីក្រ ។ ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីចែកដី និងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រក្នុងជំហានទី១ ចំនួនចំនូន ២០០ ខ្នងផ្ទះ បានដោយជោគជ័យមានការកោតសរសើរពីរាជរដ្ឋាភិបាល និងមហាជនទូទៅ។

ឯកឧត្តមបន្តថា យើងបានធ្វើរួចហើយកាលជំហានទី១ ដោយសារមកពីការខិតខំ   ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីក្រុមការងារ និងរដ្ឋបាលខេត្តស្វាយរៀង។ ហើយក្នុងជំហានទី២នេះ រាជរដ្ឋាភិបាលនឹងចែកដី និងផ្ទះ ចំនួន ២០០ ខ្នងបន្ថែមទៀតស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ។ 

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររផបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ក្នុងជំហានទី២ ការសាងសង់ផ្ទះ ២០០ខ្នង លើផ្ទៃដីទំហំជាង ៩៨ហិកតា ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានចាប់ដំណើរការសាង់សង់ចាប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន លទ្ធផលសម្រេចបានចំនួន ១០៧ខ្នងផ្ទះ ក្នុងនោះ ៖
-  ផ្ទះចំនួន ៨៩ខ្នង បានសាងសង់រួច ១០០%
-  ផ្ទះចំនួន ១០ខ្នង បានឡើងគ្រោងដែក
-  ផ្ទះចំនួន ០៨ខ្នង បានជីកគ្រឹះចាក់សសរ
ការសាងសង់ផ្ទះក្នុងជំហានទី២នេះ នឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងខែធ្នូ ឆ្នាំ២០១៩ នេះ ។
លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អានអនុក្រឹត្យលេខ ១៩ អន ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្ដីពីសម្បទានដីសង្គមកិច្ច(អានជំពូកទី៥) និងគំរូកិច្ចសន្យាប្រគល់ និងទទួលយកដី និងផ្ទះ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

ឯកឧត្តម បេង ហុងសុជាតិខេមរ៉ូ  អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានប្រគល់ដីសម្បទានសង្គមកិច្ច ទំហំ ៤០ម X ៥០ម និងផ្ទះប៊ិតរចនាបថខ្មែរទំហំ ៦.៥ ម x ៧.៣ ម ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រ ។ ផ្ទះនេះកសាងឡើងតាមលក្ខណៈបច្ចេកទេសដែលមានភាពជន នឹងគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) ។ ផ្អែកតាមលក្ខខ័ណ្ឌ ក្រោយពីទទួលមានដី និងផ្ទះរួចហើយ ម្ចាស់ផ្ទះត្រូវទៅស្នាក់នៅឲ្យមានញឹកញាប់ ឬជាអចិន្ត្រៃយ៍ ព្រមទាំងមុនរយៈពេល០៥ឆ្នាំ មិនអាចលក់ដូរ និងផ្ទេរកម្មសិទ្ធិជូនអ្នកផ្សេងបានឡើង ។ ត្រូវយកចិត្តទុកដាក់ក្នុងការ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ ។






No comments:

Post a Comment

Pages