មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំនួនបីរូប ប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង - BNP

Breaking

Saturday, September 7, 2019

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំនួនបីរូប ប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំនួន៣រូប ក្នុងនោះមាន មេបញ្ជាការខណ្ឌកំបូល និងបឹងកេងកង ដែលជាខណ្ឌទើបនឹងបង្កើតថ្មី និងមេបញ្ជារការខណ្ឌចំការមន ឱ្យចូលកាន់តំណែង ជាផ្លូវការ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខនេះផងដែរ។

មេបញ្ជាការខណ្ឌទាំងបីរួមមាន៖
១- លោកវរសេនីយ៍ឯក ឃួន សំអុល ត្រូវបានផ្លាស់ប្តូរពីមេបញ្ជាការអាវុធហត្ថខណ្ឌចំការមន ទៅជាមេបញ្ជាការអាវុធហត្ថខណ្ឌបឹងកេងកង(ខណ្ឌបង្កើតថ្មី)។
២- លោកវរសេនីយ៍ឯក  ភួង សុភ័ក្ត្រ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌចំការមន។
៣- លោកវរសេនីយ៍ត្រី  ឈៀង ចាន់ថុល មេបញ្ជាការរងខណ្ឌសែនសុខ ត្រូវបានតែងតាំងជា មេបញ្ជាការអាវុធហត្ថខណ្ឌកំបូល (ខណ្ឌបង្កើតថ្មី)។

ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានមតិសំណេះសំណាលជាមួយសមាជិក ក្នុងអង្គពិធីទាំងមូល និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែល្អប្រសើរ និងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ធ្វើឲ្យសង្គមជាតិ ប្រកបដោយភាពសុខសាន្ត ព្រមទាំងបានណែនាំ និងក្រើនរំលឹក នាយអាវុធហត្ថដែលទើបតែងតាំង និងផ្លាស់ប្តូរមុខងារ ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ មិនត្រូវបែងចែកបក្ខពួកនិយមនោះឡើយ។

ព្រមជាមួយគ្នានោះ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែង របស់មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌទាំង៣ និងផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបែងចែកភេសជ្ជៈជាច្រើនរយកែស ដែលជាអំណោយរបស់សប្បុរសជន ជូនដល់បណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ យកទៅប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះផងដែរ៕





No comments:

Post a Comment

Pages