អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង - BNP

Breaking

Wednesday, July 14, 2021

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានថ្លែងឱ្យដឹងថា គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងទូទាំងខេត្ត ចំនួន ២៤គោលដៅ។ 

ឯកឧត្តម បានថ្លែងបែបនេះ ក្នុងពេលដែល ឯកឧត្ដម អញ្ជើញចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិសាស្រ្តវត្តអារញ្ញិការាម។

ឯកឧត្តម ក៏បានសំណូមពរ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត និងត្រូវណែនាំដល់ពួកគាត់ ឱ្យពាក់ម៉ាស លាងដៃ និងអាកុលមិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះមកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់ វ៉ាក់ សាំងនេះគឺអាជ្ញាធរ ខេត្ត និងមន្ទីរសុខាភិបាល មានផែនការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន។

ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីតាំងបិទខ្ទប់ផ្សារឆ្នាំង និងផ្សារលើ សូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋាន ត្រូវគោរពឱ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់នៅឡើយ។ ចំណែកអាជ្ញាធរ និងសមត្ថកិច្ច នៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់នោះ ឱ្យបានម៉ឺងម៉ាត់ផងដែរ ដើម្បីរួមគ្នាកាត់ផ្ដាច់ការចម្លងពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕



 

No comments:

Post a Comment

Pages