កំពង់ឆ្នាំង៖ កិច្ចប្រជុំដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ត្រូវបានធ្វើនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតិភាព ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង០៨ តាមរយៈប្រព័ន្ធវីដេអូរZOOm។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសផុតពីជំងឹកូវីដ-១៩ អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត ត្រូវរួមសហការគ្នា ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយពង្រឹងការអនុវត្តតាមដានត្រួតពិនិត្យជាប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ បន្តការផ្សព្វផ្សាយ អប់រំណែនាំ តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដា ក្រុង ស្រុក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញាកូវីដ-១៩ ត្រូវពិនិត្យព្យាបាលឱ្យបាន់ទាន់ពេលវេលា និងចាត់វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋបំភ្លៃការពិតពីមេរោគកូវីដ-១៩ និងព័ត៌មានដែលបង្កឱ្យមានអស្ថេរភាពសង្គមជាដើម។
ឯកឧត្តម ក៏បានដាក់ផែនការដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ ពិសេស អាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ចំណូលថ្មី ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃ។
ឯកឧត្តម ក៏បានជម្រុញដល់អាជ្ញាធរ ក្រុងស្រុក អង្គភាពពាក់ព័ន្ធត្រូវរៀបចំផែនការឆ្លើយតបចំពោះជំងឺកូវីដ-១៩នេះ ហើយត្រូវតាមដានកំណត់មុខសញ្ញាស្នាក់នៅចំពោះភ្ញៀវជាតិ និងអន្តរជាតិដែល បានចូលមកកម្សាន្ត និងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការណែនាំដល់គ្រប់ផ្នែកសុខាភិបាលសាធារណៈ និងគ្លីនិកឯកជននៅតាមបណ្តាមូលដ្ឋានឱ្យចូលរួមប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍៦ចំណុចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល៕
No comments:
Post a Comment