អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកវគ្គស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ - BNP

Breaking

Thursday, June 24, 2021

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកវគ្គស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកវគ្គស័្វយសិក្សាអនឡាញ «ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ» ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ព្រមទាំងមានសិក្ខាកាមដែលជាមន្ត្រីជំនាញ និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបប្រមាណជា៥៩៣នាក់។


ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានចាត់តាំងឱ្យ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការរៀបចំវគ្គស្វ័យសិក្សាអនឡាញ ជូនដល់មន្រ្តី និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានសិក្ខាកាមចាត់បញ្ជូនសរុប ចំនួន៥៩៣នាក់។


នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ មានប្រសាសន៍ថា ដោយទទួលបានការណែនាំពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចឱ្យអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលរៀបចំក្រុមការងារ និងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ក្រសួងមហាផ្ទៃ) នៃគម្រោងផ្តល់សេវាសាធារណៈតាមបច្ចេកវិទ្យា ឌីជីថលសម្រាប់សេវាសាធារណៈជាអាទិភាព ចំនួន៤ រួមមាន ៖ ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញ-ចូលតែមួយ។


ឯកឧត្តម បន្ដថា ដោយមើលឃើញអំពីសកលភាវូបនីយកម្មបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូល ក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើ ស្ថាប័នជំនាញបានកំពុងបង្កើតនូវយន្តការដំណាលគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការស្នូលទាំងឡាយគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ឲ្យចូលរួមវគ្គស័្វយសិក្សាអនឡាញនេះឱ្យបានពេញលេញ សម្រាប់បម្រើឱ្យអង្គភាពរបស់ខ្លួន ជាពិសេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចការងារទាក់ទងទៅនឹងប្រព័ន្ធ ICT នាពេលអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ រំពឹងថា សិក្ខាកាមទាំងអស់និងទទួលបានចំណេះដឹងពីវគ្គស័្វយសិក្សាអនឡាញ នឹងក្លាយជាឧបករណ៍ ដ៏មានភាពចាំបាច់សម្រាប់ខ្លួនឯង ជាពិសេស សម្រាប់សង្គមជាតិទាំងមូល ដូច្នេះ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលនូវវគ្គស័្វយសិក្សាអនឡាញនេះ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានខិតខំស្វះស្វែងរកឱកាស ដើម្បីឲ្យសិក្ខាកាមទទួលបាននូវអាហារូបករណ៍ សម្រាប់កម្មវិធីវិស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់កម្មវិធី OneSala ដែលបានផ្ដល់ឱកាសឲ្យសិក្ខាកាមទទួលបាននូវវគ្គសិក្សា ក្នុងក្របខណ្ឌអាហាររូបករណ៍ ជាពិសេសនោះ ថ្លែងអំណរគុណ អគ្គនាយកដ្ឋាននានា ដែលបានបញ្ជូនសិក្ខាកាមឱ្យចូលរួមវគ្គស័្វយសិក្សាអនឡាញនេះ។


សូមជម្រាបថា វគ្គស្វ័យសិក្សា (Video Training) គឺជាកម្មវិធីស្វ័យសិក្សាអនឡាញ តាមរយៈកម្មវិធី OneSala ផ្តល់ជូននូវ អាហារូបករណ៍ស្វ័យសិក្សាចំនួន ៥០០កន្លែង លើជំនាញព័ត៌មានវិទ្យា និងឌីស្សាញ ជូនដល់សិក្ខាកាមដែលចាត់បញ្ជូន មកពីបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាពជំនាញ ក្នុងការអភិវឌ្ឍជាតិក្នុងយុគ្គសម័យ នៃសេដ្ឋកិច្ចឌីជីថល ការអនុវត្តរដ្ឋាភិបាលឌីជីថល និងត្រៀមខ្លួនទទួលយកការមកដល់នៃឧស្សាហកម្ម ៤.០។


អាហារូបករណ៍នេះជាការផ្តល់សមាជិកភាពរយៈពេល ១ឆ្នាំ ជូនដល់បេក្ខភាពចាត់បញ្ជូនពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃរដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចុះឈ្មោះជាសមាជិកទៅក្នុងកម្មវិធី OneSala ហើយសិក្ខាកាមអាចធ្វើការស្វ័យសិក្សា នៅក្នុងកម្មវិធីនេះលើ ១៤មុខវិជ្ជា ហើយមានជំនាញ ចំនួន៣ ធំៗ រួមមាន ៖ ជំនាញព័ត៌មានវិទ្យា, ជំនាញរចនាក្រាហ្វិក និងកាត់តវិដេអូ និងជំនាញកុំព្យុទ័រសម្រាប់ការងាររដ្ឋបាល៕



 

No comments:

Post a Comment

Pages