អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ចំនួន ៤២គ្រួសារ ក្នុងស្រុកចំការលើ - BNP

Breaking

Wednesday, June 9, 2021

អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ចំនួន ៤២គ្រួសារ ក្នុងស្រុកចំការលើ

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ចំនួន ៤២គ្រួសារ ក្នុងស្រុកចំការលើ (នៅបុសខ្នុរ ០៤គ្រួសារ ឃុំតាអុង ០៦គ្រួសារ ឃុំស្វាយទាប ០៣គ្រួសារ ឃុំចំការអណ្តូង ១៨គ្រួសារ និងតាប្រុក ១១គ្រួសារ)


ក្នុងឱកាសនេះដែរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត ដែលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសបងបងប្អូនដែលមានជីវភាពខ្វះខាតហើយជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ 


ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់បងប្អូនដែលបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមដានសុខភាពរបស់បងប្អូន បើសិនមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្រ្តីសុខាភិបាលដែលនៅក្បែរ ដើម្បីមានវិធានការទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្តដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែអនុវត្តវិធានការ «៣ការពារ និង៣កុំ» ខណៈដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានការកើនឡើង ។ 


ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំង៤២គ្រួសារបានអនុវត្តយ៉ាងខ្ចប់ខ្ជួននូវវិធានសុខាភិបាលក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃកន្លងទៅ ទទួលបានជោគជ័យ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកុំឆ្លងរាលដាលក្នុងសហគមន៍ខ្លួនបន្ថែមទៀត។ ឯកឧត្តម បានគូសបញ្ចាក់ថា ដោយសារមានការឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្ត បានបន្តសម្រេចផ្អាកផ្នែកខ្លះៗ នៃភូមិ ឃុំ និងរោងចក្រមួយចំនួន ដើម្បីបន្ទាប់ពីស្រាវជ្រាវរកឃើញប្រភពនៃការឆ្លង និងបានបញ្ជូនអ្នកជំងឺកូវីដ-១៩ទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ហើយអ្នកដែលបានប៉ះពាល់ផ្ទាល់ ក៏បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក រីឯកបងប្អូនដែលប៉ះពាល់ដោយប្រយោលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន។


អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៤គ្រួសារ ដោយ០១គ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស១ប្រអប់៕



 

No comments:

Post a Comment

Pages