ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់។
លោក សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីឱ្យដឹងថា តាមប្រកាសអន្តរ ក្រសួងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃលេខ ១៥២ស.នក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មាន ៧ជំពូក ៣៥ ប្រការ ក្នុងគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីកំណត់គោលដៅរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការគ្រប់គ្រង និងរបៀបរបបធ្វើការងារ និងខ្សែគណនេយ្យភាពរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ មានសារៈសំខាន់ក្នុងការគ្រប់គ្រង ផ្ដល់សេវាសុខាភិបាលដល់រាជធានី ខេត្ត ការអនុវត្តតួនាទី និងភារកិច្ចលើការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ប្រកបដោយការទទួល ខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មី ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។ ការអនុវត្តរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការងារផ្ដល់សេវាសាធារណៈស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលដល់រាជធានី ខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចប្រតិបត្តិការនានា និងការផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ច។
ឯកឧត្តមអភិបាលបន្តថា ផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងចាត់ចែងការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្ដល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាព។ ទោះបីជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មី ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ព្រមទាំងមេឃុំ ចៅសង្កាត់ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសអនុវត្តតាមសារាចរណែនាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ កម្មករ និយោជិតឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕
Friday, June 19, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment