កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត - BNP

Breaking

Tuesday, May 19, 2020

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និងអំពីលទ្ធផលនៃការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ។ 

ក្នុងកិច្ចប្រជុំនោះលោក សុខ ថុល នាយករដ្ឋបាល សាលាខេត្តសៀមរាប បានអាននូវសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រួចមកគ្រប់បណ្តាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលដែលក្រុង ស្រុកបានអនុវត្តប្រចាំខែ ក្នុងនោះដោយបានផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ព្រមទាំងការភ័យព្រួយរបស់អាជ្ញាធរ ចំពោះប្រជាពលរដ្ឋវិលមកពីក្រៅប្រទេស ចូលមកនៅតាមមូលដ្ឋាន មិនបានចូលទៅមណ្ឌលចត្តាឡីស័កនៅតាមក្រុង ស្រុក ឃុំ។

ក្នុងនោះលោកក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និងខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុមជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និងព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និងសំណូមពរមួយចំនួនផងដែរ។

ឆ្លងតាមកិច្ចពិភាក្សា និងការផ្តល់មតិយោបល់របស់អង្គប្រជុំទាំងមូល ដោយផ្តោតសំខាន់ក្នុងពេលដែលបងប្អូន ប្រជាពលរដ្ឋ ជាពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ដោយពួកគាត់មិនបានធ្វើការចុះបិទលិខិតឆ្លងដែនរបស់ខ្លួន ដែលជាកត្តាគ្រោះថ្នាក់មួយចំពោះបងប្អូន នៅពេលដែលវិលទៅធ្វើការក្រៅប្រទេសវិញ ក្រោយពេលវិបត្តិកូវិដ១៩នេះ វិនាសចេញពីភពផែនដីនេះទៅ។

ជាមួយគ្នានោះលោក ទៀ សីហា ក៏បានធ្វើការឯកភាពទៅលើលទ្ធផលនៃ ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ដែលបានលើកឡើង ព្រមទាំងបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបានអនុវត្តបានល្អ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នូវជម្ងឺកូវីដ១៩ កុំឲ្យមានការឆ្លងជាសហគមន៍ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អំពីបញ្ហាកូវីដ១៩ ទោះបីមានភាពធូស្រាលពីជម្ងឺកូវីដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ដូច្នេះគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក ក៏មិនត្រូវបន្ថូរបន្ថយនោះឡើយ គឺត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២ នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ ។

លើសពីនោះ លោកក៏បានដាក់នូវបទបញ្ជាមួយចំនួនដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងការបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។

ម៉្យាងទៀត ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើង វិញ ចំពោះការបើកដំណើរការទៅតាមបណ្តាភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កាទប់ស្កាត់កុំឲ្យមានការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។

បន្ថែមលើសនេះ សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និងព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និងត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផងដែរ៕





No comments:

Post a Comment

Pages