ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ២២៥៧នាក់ មាន៤១សញ្ជាតិ នៅលើនាវា MS Westerdam ដែលចូលចតនៅក្នុងខេត្តព្រះសីហនុ។
ប្រសាសន៍សំខាន់ៗរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖
-សភាពការណ៍ពិតប្រាកដរបស់កម្ពុជា គឺមិនមែនជាវីរុសកូរ៉ូណាថ្មីឬCOVID19នោះទេ នោះគឺការភ័យខ្លាច។ ដែលកន្លងទៅ វីរុសកូរ៉ូណាថ្មីឬCOVID19នេះ មិនទាន់ឆ្លងទៅប្រជាពលរដ្ឋកម្ពុជាណាម្នាក់នៅឡើយទេ គ្រាន់តែមានជនជាតិចិនម្នាក់ដែលយើងបានព្យាបាលឱ្យជាសះស្បើយហើយឥឡូវនេះក៏ត្រឡប់ទៅប្រទេសចិនវិញ។
-នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍មួយ ថាជំងឺរបស់យើងនៅក្នុងពិភពលោក និងតំបន់ គឺជំងឺដែលភ័យខ្លាចជាងនេះទៀតគឺជំងឺ ភ័យខ្លាច និងការរើសអើង នោះនៅត្រង់ថាឥឡូវនេះយើងបានឃើញពិតប្រាកដ នូវការរើសអើងដែលជំងឺនេះយើងត្រូវទាមទារនូវថ្នាំព្យាបាលមួយដ៏សាកសិទ្ធិ តាមរយៈតួនាទីរបស់អង្គការសុខភាពពិភពលោក ខ្ញុំគ្រាន់តែលើកហេតុផលមួយជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថាតើអ្នកទាំងនេះដែលកំពុងរស់នៅលើនាវានេះជាង២០០០នាក់ តើពួកគេទៅទីណាទៅ នេះគេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬCOVID19 ។
-ប្រសិនបើមានអ្នកជំងឺ កូរ៉ូណា ឬCOVID19 នៅលើនាវា នឹងត្រូវអនុញ្ញាតឱ្យចូលលឿនបំផុតតាមដែលអាចធ្វើបាន។ តើយើងទុកឱ្យអ្នកជំងឺស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រឬត្រូវរក្សាទុកលើនាវា? នេះជាបញ្ហា ដែលជាការទទួលខុសត្រូវរបស់ពិភពលោក និងការទទួលខុសត្រូវរបស់យើងក្នុងឋានៈជាសមាជិកសហគមអន្តរជាតិ។
-ខ្ញុំសូមជម្រាបប្រជាពលរដ្ឋកម្ពុជាថា ខ្ញុំមកទីនេះទោះបីរយៈពេលខ្លី ក៏ខ្ញុំនឹងបញ្ជូនសារនេះទៅកាន់ ប្រជាពលរដ្ឋកម្ពុជានៅទូទាំង ប្រទេស ក៏ដូចជាទៅកាន់សហគមអន្តរជាតិផងដែរថា ពេលនេះមិនមែនជាពេលដែលត្រូវភ័យខ្លាច និងពេលដែលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបាន និងកំពុងយាយីមិនត្រឹមតែប្រទេសមួយទេ គឺប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវរួចទៅហើយ។
-ថ្ងៃនេះប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋ នៃបណ្តាប្រទេសរហូតដល់ទៅ៤១សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សក្តិសមនឹងពលីកម្មដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ។
-តើឱ្យយើងនិយាយពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ កម្ពុជាយកការទទួលខុសត្រូវមួយលើការគោរពសិទ្ធិមនុស្សជាចម្បង។
-ខ្ញុំសូមអរគុណប្រជាពលរដ្ឋកម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំដែលបានឱ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា តាមរយៈទឹកដីកម្ពុជាបងប្អូនទាំង៤១សញ្ជាតិនេះបានត្រឡប់ទៅកាន់ប្រទេសកំណើតវិញរៀងៗខ្លួនបានជួបជុំគ្រួសារពុំមានការភ័យខ្លាចទេ។
-ខ្ញុំសូមអរគុណចំពោះស្ថានទូតអាមេរិក ដែលបានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទាំងក្រសួងការបរទេស ហើយនិងមានឆាណែលលឿនមួយ ដែលជាអ្នកគ្រប់គ្រងកំពង់ផែតែម្តង គឺឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំបានយល់ព្រមឱ្យនាវានេះចូលចតតាំងពីមុនម៉ោង១០ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯណោះ។
-សូមអរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបានធ្វើសេចក្តីថ្លែងការណ៍គាំទ្រកម្ពុជា។
-ថ្ងៃនេះ ខ្ញុំក៏បើកឱកាសសម្រាប់អ្នកដែលនៅលើនាវាទាំងអស់អាចចាកចេញពីនាវា ដោយធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុ ឬក៏មានបំណងទៅទស្សនកិច្ចខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ មានយន្តហោះ ០៤គ្រឿងត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន។
-ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែកដែលបានលើកស្ទួយសិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។
-យើងពុំមានទ្រព្យសម្បត្តិច្រើនដូចប្រទេសអ្នកមានទេ តែយើងមានទឹកចិត្តដើម្បីជួយស្រោចស្រង់ដល់អ្នកដែលជាប់គាំងនៅលើនាវានេះ។
-ម្សិលម៉ិញយើងប្រើវិធីចាត់ការរហ័ស ដោយយកសំណាកអ្នកដែលមានសង្ស័យថាមានវីរុសដោយប្រើឧត្ថម្ភាគចក្រដើម្បីដឹកពីទីនេះទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ មនុស្ស២០នាក់ដែលសង្ស័យហើយយកទៅទុកនៅបន្ទប់ដាច់ដោយឡែកលើនាវា មិនមានរកឃើញនូវសញ្ញាណាមួយកើតជំងឺឆ្លងកូរ៉ូណា ឬCOVID19នោះទេ។
-អរគុណចំពោះអង្គការសុខភាពពិភពលោក អរគុណចំពោះបណ្តាស្ថានទូតនានា ដែលបានទុកចិត្តចំពោះកម្ពុជា ហើយសុំចូលចតនៅកម្ពុជា៖កម្ពុជានឹងទទួលខុសត្រូវគ្រប់បែបយ៉ាង ទៅលើសុវត្ថិភាពអ្នកទាំងអស់ ដែលទាក់ទងនឹងការស្នាក់អាស្រ័យនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឥឡូវនេះការចាកចេញនឹងអាចត្រូវពន្យាពេលដោយសារតែការចាកចេញអាស្រ័យលើអ្នកដែលមានសំបុត្រយន្តហោះ អញ្ជឹងអាចនឹងឋិតនៅទីនេះរយៈពេល៥ថ្ងៃ ឬ៦ថ្ងៃ ឬ៧ថ្ងៃ តែខ្ញុំអាចបញ្ជាក់បានថា បើទោះបីស្នាក់នៅ០១ខែ ក៏កម្ពុជាអត់មានយកសេវាអ្វីទាំងអស់ យើងអត់ត្រូវការប្រាក់កាស ប៉ុន្តែយើងត្រូវការនូវសមាណចិត្តជួយឧបត្ថម្ភនាវានេះ ដើម្បីអ្នកដែលនៅលើនាវានេះអាចវិលត្រឡប់ទៅប្រទេសរៀងៗខ្លនវិញប្រកបដោយសុវត្ថិភាព។ ជូនពរអ្នកទាំងអស់គ្នាសូមទទួលបានជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Friday, February 14, 2020

Home
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ២២៥៧នាក់ នៅលើនាវា MS Westerdam
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ២២៥៧នាក់ នៅលើនាវា MS Westerdam
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment