ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល ព្រមទាំងកិច្ចដំណេីរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រេីការងារនៅតាមរដ្ឋបាលក្រុងស្រុក និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុងស្រុកទៅក្នុងរចនាសម្ព័នថ្មី នៃរដ្ឋបាលក្រុងស្រុក ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាព ប្រធានមន្ទីរ និងអង្គភាពជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក គណ:អភិ បាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មេឃុំ ចៅសង្កាត់ មន្ត្រីមន្ទីរសុខាភិបាល មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា មន្ត្រីមន្ទីរមុខងារសាធារណ: ចូលរួមសរុប ២៥៧នាក់ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើបទបង្ហាញខ្លឹមសារអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ពន្ធ័រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយគូស បញ្ជាក់ថា ការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី " មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល និងកិច្ចការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក " នៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការងារគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំដាក់ឱ្យអនុវត្តនូវអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីកំណែទម្រង់ស្នូលទាំងបីរួមមានដូចជា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយក្នុងចំណោមកំណែទម្រង់ទាំងបី ផ្សេងទៀតរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកំណែទម្រង់ស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល ។
កម្មវិធីជាតិ ១០ឆ្នាំ ផ្តោតលើសមាសធាតុទាំង៥ រួមមាន៖
១. ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
២. ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣. ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
៤. ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
៥. ការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕
Tuesday, December 24, 2019

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល
រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment