ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ ឯកឧត្តម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំរុញបែបនេះក្នុងពិធីប្រកាសតែងតាំង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សរុបជាង ២០០នាក់។
ឯកឧត្តមបន្តថា ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្តិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងដំណើរការរៀបចំការបោះឆ្នោតគ្រប់ប្រភេទ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ ឯកឧត្តមស្នើឱ្យ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានល្អ បើមានបញ្ហាណាមួយកើតឡើងត្រូវនាំគ្នាជួបជុំពិភាក្សាដោះស្រាយ ក្នុងករណីហួសពីសមត្ថកិច្ចត្រូវរាយការណ៍ជូនគ.ជ.ប ដើម្បីផ្ដល់អានុសាស្ត្រដឹកនាំ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងការបោះឆ្នោត ជូនដល់សាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់ គ្រប់រូបភាព ធានាភាពច្បាស់លាស់ និងទាន់សភាពការ ត្រូវបន្តពង្រឹងតម្លាភាពរបស់គ.ជ.ប តាមរយៈការបើកទូលាយអោយមានការចូលរួម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ត្រូវជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់គណៈបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ក្នុងគ្រប់ដំណើរការបោះឆ្នោត ក្រៅពីនេះក៏មានកត្តាជាច្រើនទៀត ដែលធ្វើឱ្យដំណើរការបោះឆ្នោតកាន់តែទទួលបាននូវការជឿទុកចិត្តនោះគឺ ដាច់ខាតត្រូវមានប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមធ្វើការងារបោះឆ្នោត ហើយត្រូវតែប្រកាន់នូវដំឡាភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសប់ និងគំនិតឆ្នៃប្រឌិតខ្ពស់ ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ លើវិស័យការងារ ដែលខ្លួនបំពេញតាមតួនាទី ភារកិច្ច និងបន្តកិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ថា តាមប្រការរបស់គ.ជ.ប សំរេចតែងតាំងលោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល ជំនួសលោក គឹម ហុង ត្រូវផ្ទេរមុខតំណែង បំរើការងារ ជាជំនួយការ គ.ជ.បវិញ៕
Friday, December 13, 2019

Home
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ
មន្ត្រីជាន់ខ្ពស់គ.ជ.ប ជំរុញអោយ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment