អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ - BNP

Breaking

Thursday, January 27, 2022

អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

នាថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈ Video Conference ស្តីពី “ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២” ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរងនៃ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងជាប្រធានក្រុមការងារ ទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត។


បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាប អំពីភូមិសាស្រ្ត និងសក្តានុពលទេសចរណ៍ និងតំបន់ឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដោយបានបញ្ជាក់ថា កោះកុងជាខេត្តដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គម ដោយលាតសន្ធឹងចាប់ពី ចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹង ខេត្តត្រាតប្រទេសថៃឡងត៍ ដល់ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ក្រុង ស្រុកទាំង០៧ នៃខេត្តកោះកុង សុទ្ធតែជាប់ឆ្នេរសមុទ្រ និងដៃព្រែក កោះនៅក្នុងលម្ហសមុទ្រ មាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន០៥ ដោយ មានឆ្នេរខ្សាច់ និង ផ្កាថ្ម បាត សមុទ្រ តាម ប្រជុំ កោះស្តេច ប្រជុំកោះកុងក្រៅ ព្រមទាំង ស្មៅសមុទ្រ នៅឃុំជ្រោយប្រស់ និងតំបន់ព្រៃកោងកាងដែលជាដែនជម្រកដ៏សុខសាន្តនៃជីវៈចម្រុះគ្រប់ប្រភេទក្នុង ដែនជម្រកសត្វព្រៃពាមក្រសោប។


កន្លងមកខេត្តកោះកុងក៏មានឆ្នេរចំនួន៣ ដែលទទួលបាន ចំណាត់ថ្នាក់ឆ្នេរខ្សាច់កម្សាន្តស្អាតផងដែរ រួមមាន៖ ឆ្នេរប៉ាក់ខ្លង ឆ្នេរតារាសាគរ និងឆ្នេរចាំយាម។ សម្រាប់ឆ្នាំ២០២២ គណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុងនឹងជំរុញផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជននានាក្នុងការរៀបចំ កែលម្អសោភណ្ឌភាពឱ្យបានល្អប្រសើរស្របទៅនឹងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងចូលរួមដាក់ពាក្យបេក្ខភាពចលនាប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតឱ្យបានច្រើនផងដែរ៕







 

No comments:

Post a Comment

Pages