រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យ ចូលមកក្នុងមូលដ្ឋានសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប - BNP

Breaking

Tuesday, May 4, 2021

រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យ ចូលមកក្នុងមូលដ្ឋានសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប

នារសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប បសនរៀបចំកិច្ចប្រជុំ ស្តីពីការបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យ អ្នកដំណើរ ឬប្រជាពលរដ្ឋចូលស្នាក់នៅក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប ក្រោមអធិបតីភាព  លោក នាក់ ណេរ៉ុន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ ព្រមទាំងចៅសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប។ 


ថ្លែងក្នុងកិច្ចប្រជុំដល់មានសារៈសំខាន់នេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅ ចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ  ដែលជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រឡប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមក បានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។ លោកបានបន្ថែមទៀតថា បើទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។ 


ក្រុមការងារនេះ មានតួនាទី និងភារកិច្ចដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការនៃសេចក្ដីសម្រេច ចាត់វិធានការអនុវត្តតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាល ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច និងមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឳវាទតាមការចាំបាច់ ដើម្បីបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួន តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារ។ 


មន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។ 


ទោះបីជាយ៉ាងណាក៏ដោយ ជាគោលការណ៍នៃកិច្ចប្រជុំនេះ អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏ប៉ុន្តែនិងអាចមានករណីខ្លះ ស្ថិតក្នុងការពិចារណាត្រួតពិនិត្យ ដោយផ្អែកលើភាពសំខាន់និងចាំបាច់នៃបេសកកម្មអ្នកដំណើរ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់សុខភាព និងមានការធានាខុសត្រូវ ដោយស្ថាប័នសាម៉ី ច្បាស់ ប្រាកដ មានសុវត្ថិភាព មិនបង្ករឲ្យមានការចម្លងកូវីដ-១៩៕




 

No comments:

Post a Comment

Pages