អាជ្ញារធរខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តស្វាយរៀង - BNP

Breaking

Saturday, February 13, 2021

អាជ្ញារធរខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារនៅតាមទីតាំងចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ 


អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង ក្រុងបាវិត ស្រុករមាសហែក ស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងលោកអភិបាលស្រុករំដួល លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធដែលមានមណ្ឌលចត្តាឡីស័ក នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

១-ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ម៉តចត់ ចំពោះអ្នកដែលស្នាក់នៅតាមមណ្ឌលចត្តាឡីស័ក ដោយអនុវត្តឱ្យបានត្រឹមត្រូវស្របតាមវិធានការ នៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ របស់ក្រសួងសុខាភិបាល។

២-ត្រូវយកចិត្តទុកដាក់ចាត់ចែងរៀបចំ និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ នូវការស្នាក់នៅ ព្រមទាំងការផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃរបស់អ្នកកំពុងធ្វើចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ។

៣-ត្រូវសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹតបន្តឹងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលជាដើម ។


ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់លោកអភិបាលក្រុង ស្រុក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ត្រូវបន្តសហការពង្រឹងការត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើការត្រួតពិនិត្យ និងចាត់ចែងរៀបចំចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត៕






 

No comments:

Post a Comment

Pages