អាជ្ញាធរខេត្តក្រចេះ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួត ចំនួន២៦៨គ្រួសារ នៅស្រុកសំបូរ - BNP

Breaking

Monday, December 28, 2020

អាជ្ញាធរខេត្តក្រចេះ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួត ចំនួន២៦៨គ្រួសារ នៅស្រុកសំបូរ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួត ចំនួន២៦៨គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកសំបូរ ដែលពិធីនេះរៀបចំឡើងជា២កន្លែងដោយឡែកពីគ្នា នៅបរិវេណវត្តចង្ហប ឃុំក្បាលដំរីចំនួន៧២គ្រួសារ និងនៅបរិវេណសាលាបឋមសិក្សាសំបូរចំនួន១៩៦គ្រួសារ។


ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋ ហើយក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសសម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។


ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ ជាងនេះទៅទៀតឯកឧត្តមបានរំលឹកអំពីថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋទូទាំងប្រទេសរហូតដល់បច្ចុប្បន្នទទួលបាននូវសុខសន្តិភាពយ៉ាងត្រចះត្រចង់លើឆាកជាតិ និងអន្តរជាតិ ព្រមទាំងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ព្រោះសុខសន្តិភាពនេះ គឺជាកត្តាសំខាន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន។


បន្ទាប់មក ឯកឧត្តម ក៏បានជម្រាបពីការរីករាលដាលពីជំងឺកូវីដ១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នារត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។


សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា រួមនឹងថវិកា ២០,០០០រៀល ជាអំណោយរបស់សាខាខេត្តក្រចេះ ។បន្ទាប់ពីបញ្ចាប់នៃការ ជូបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះបានអញ្ជើញទៅពិនិត្យសំណង់អាគារស្នាក់ការអនុសាខាកាកបាទក្រហមស្រុកសំបូរដែលសាងសង់បានប្រមាណជា៩០% ដែលគ្រោងដាក់ឲ្យ ដំណើរនាពេលខាងមុខនេះ៕







 

No comments:

Post a Comment

Pages