អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាចុះសំណេះសំណាល និងចែកពូជដំណាំបន្លែ ជូនប្រជាពលរដ្ឋ៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ - BNP

Breaking

Monday, November 16, 2020

អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាចុះសំណេះសំណាល និងចែកពូជដំណាំបន្លែ ជូនប្រជាពលរដ្ឋ៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកពូជដំណាំបន្លែដល់ប្រជពលរដ្ឋ ៧៥០ គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានការអញ្ជើញពីឯកឧត្តម តំណាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក តំណាងសប្បុរជន ក្រុមហ៊ុន និងអាជ្ញារមូលដ្ឋានជាច្រើនរូបទៀត។


ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត បានផ្តល់ពូជស្រូវកន្លងមកថ្មីៗនេះចំនួន ១០៥០ តោន ស្មើនឹង ១០.៥០០ គ្រួសារផងដែរ។


ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ចំពោះទិន្នន័យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានប្រមាណជាង ៧ពាន់គ្រួសារ ហើយយើងបានចែកអំណោយដល់គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយសារទឹកជំនន់រហូតទៅដល់ជាង ១០ម៉ឺន៥ពាន់គ្រួសារ នេះស្តែងបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋខ្មែររបស់យើងចេះស្រលាញ់គ្នា ជាពិសេសអ្នកមានធនធានបានធ្វើការចែករំលែកធនធានផ្ទាល់ខ្លួនរបស់គាត់ដល់អ្នកដែលកំពុងជួបការលំបាកផងដែរ ។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមទាំងអស់គ្នាក្នុងការពារខ្លួន ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ហើយប្រសិនមានសាច់ញាតិមកពីប្រទេសថៃ ត្រូវណែនាំគាត់ឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃសិន ដើម្បីជៀសវាងការឆ្លងដោយប្រការណាមួយ ពីព្រោះជំងឺកូវីដ-១៩ នេះកំពុងរាលត្បាតជាសកល ហើយប្រទេសជិតខាងរបស់យើងក៏មានជំងឺនេះផងដែរ។


សូមបញ្ជាក់បន្ថែមថា ដោយសារជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសារនូវគម្លាតសុវត្ថិភាព និងមិនឱ្យមានការប្រមូលផ្តុំគ្នាច្រើន។ ពិធីសំណេះសំណាល និងចែកពូជបន្លែនេះជានិមិត្តរូបដល់ប្រជាពលរដ្ឋ១០០គ្រួសារ ដោយឡែកគ្រួសារ៦៥០គ្រួសារទៀត អាជ្ញាធរស្រុកនឹងបន្តចុះចែកជាក់ស្តែងបន្ថែមទៀតដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕




 

No comments:

Post a Comment

Pages